
អន្តរជាតិ
ប្រទេសថៃ៖ បាយដំណើបស្វាយទុំ ដែលជាបង្អែមមួយប្រភេទកំពុងក្លាយជាប្រធានបទមួយកំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំង រហូតគណៈកម្មាធិការគតិបណ្ឌិត និងបេតិកភណ្ឌវប្បធម៌ក្នុងតំបន់នៃក្រសួងវប្បធម៌ថៃ អាចនឹងស្នើសុំអង្គការយូណេស្កូ (Unesco) ឲ្យដាក់បញ្ចូលបង្អែមមួយនេះជាបេតិកភណ្ឌវប្បធម៌ថៃ ក្រោយតារា រ៉េបស្រី Milli បានយកវាទៅញ៉ាំនៅលើឆាកតន្ត្រីអន្តរជាតិ Coachella ប្រចាំឆ្នាំ 2022។
ជាមួយគ្នានេះដែរ បាយដំណើបស្វាយទុំនេះ នៅលើទីផ្សារ ក៏ដូចជាទីផ្សារអនឡាញកំពុងតែមានការលក់ដាច់ខ្លាំងផងដែរ ធ្វើឲ្យអ្នកលក់ លក់សឹងមិនទាន់ទៀតផង រហូតដល់មានរឿងហួសចិត្តកើតឡើងផងដែរ ធ្វើឲ្យមានការចែករំលែកពេញបណ្តាញសង្គមប្រទេសថៃ។
អាខោនរបស់បុរសម្នាក់បានឲ្យដឹងថា ខ្លួនបានកុម្ម៉ង់ទិញបាយដំណើបស្វាយទុំនេះពីហាងមួយកន្លែង តែអ្វីដែលធ្វើឲ្យហួសចិត្តនោះគឺ ដឹកដល់ភ្លាម ស្រាប់តែបើកប្រអប់មក ធ្វើឲ្យថ្លើមសឹងតែធ្លាក់ដល់ដី ព្រោះតែស្វាយដែលដាក់មកនោះ មិនមែនជាស្វាយទំុំ ជាស្វាយខ្ចីញេញទៅវិញ។
ហួសចិត្ត ក៏ហួសចិត្ត អស់សំណើចក៏សើចហើយ រហូតមានអ្នកចូលទៅបញ្ចេញមតិលេងសើចថា ស្វាយនុងទុកពីរបីថ្ងៃសិនទៅពេលទុំហើយ ចាំយកមកហូប៕