![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh04OyRLrJMU9UHIg4MgWWbz0E68yrIwfSPbv8omFf5MJZWPDr-nvWmKnTxkl9uG7MUWFoVZbfqDO-YbNEKwKfJCtHc-MZlhifX5RXSqD2q6o6JdNlk_4TJnnk4KJiu0OyfmUJR--r08JcdJCGdHsQ4CJhzQ62gFcT5G03QQTw_tEU0OcvBIgndKPO7/s1600/Thumbnail.jpg)
សង្គម
ខេត្តកំពង់ស្ពឺ÷ប្រវត្តិទាក់ទងនឹងតំបន់ទីតាំងបុរាណស្ថានជនជាតិដើមភាគតិចសួយស្ថិតនៅចម្ងាយប្រមាណជាង៦០ គីឡូម៉ែត្រពីទីរួមខេត្ដកំពង់ស្ពឺ តំបន់តេទឹកពុះខណៈនេះ បានប្រែក្លាយខ្លួនជាកន្លែងដែលមានលក្ខណៈពិសេស ដោយសារមានទឹកពុះពីធម្មជាតិ និងមានភាព ទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិ ។
ពាក់ព័ន្ធប្រវត្តិតេទឹកពុះនេះមានរឿងតំណាលថា ដើម ឡើយមានសេដ្ឋីមួយរូប មានមាសប៉ុនដូងទុំ គឺជាអ្នក មានប្រចាំតំបន់តេ។ សេដ្ឋីរូបនោះមានកូនពីរនាក់ ប្រុស១ ស្រី១ ដែលកូនទាំង២នាក់នេះ ត្រូវបានគាត់បំបែកចេញពីគ្នាតាំងពីតូចៗរហូតដល់ធំពេញវ័យ។
ដោយខ្លាចវង្វេងរកកូនប្រុសដែលផ្ញើទុកជាមួយគេនៅភូមិមួយពេលធំមិនឃើញ គាត់ក៏បានពាក់កងមាសមួយនៅកជើង ដែលបច្ចុប្បន្នភូមិនោះត្រូវបានដាក់ឈ្មោះថា “រលាក់កជើង”។ ដោយសារតែខ្លាចបែកទ្រព្យសម្បត្តិ គាត់មិនបានឱ្យកូនទៅយកគ្រួសារផ្សេងនោះទេ បើទោះជាគេមកដណ្តឹងកូនក្រមុំក្តី។
ក្រោយមកគាត់ក៏គិតគ្នាជាមួយប្រពន្ធថា ចៀសវាងបែកទ្រព្យសម្បត្តិ ពុះមាសប៉ុនដូងទុំជាពីរចំណែក មានតែរៀបការកូនរបស់ខ្លួនដែលបំបែកចេញកាលពីតូចឱ្យយកគ្នាជាប្តីប្រពន្ធ។ គិតគូររួចហើយគាត់ក៏រៀបចំពិធីមង្គលការកូនដែលជាបងប្អូនបង្កើតនឹងគ្នា ដោយបានអញ្ជើញហៅភ្ញៀវមកចូលរួមយ៉ាងច្រើនកុះករ។ លើក លែងតែយាយតីម្នាក់គត់ដែលសេដ្ឋីមិនបានហៅឱ្យចូលរួម មិនតែប៉ុណ្ណោះសេដ្ឋីថែមទាំងបានយកក្រពើដែលយាយតីចិញ្ចឹមមកកាប់ធ្វើម្ហូបទុកទទួលភ្ញៀវថែមទៀតផង ដែលពិធីមង្គលការនេះប្រព្រឹត្តទៅនៅថ្ងៃ១៥រោច ខែពិសាខ និងបានក្លាយជាប្រពៃណីបុណ្យឡើងសំណំ របស់ជនជាតិដើមភាគតិចសួយមកទល់សព្វថ្ងៃនេះ។
បើនិយាយពីយាយតីវិញ ក្រោយពីដឹងថាសេដ្ឋីរៀបការកូនបង្កើតឱ្យយកគ្នាជាប្តីប្រពន្ធ គាត់មានការបាម្ភជាខ្លាំង ហើយនៅថ្ងៃចូលរោងក៏មិនបានទៅក្បែរនោះដែរ។ វេលាយប់ឡើងស្រាប់តែយាយតីយល់សប្តិឃើញយម ទូតមកប្រាប់ថា ថ្ងៃស្អែកហាមដាចខាតមិនឱ្យចូលទៅក្បែរកន្លែងគេការកូនឡើយ ។ ភ្ញាក់ពីយល់សប្តិ យាយតីភ័យណាស់ នៅតែក្នុងផ្ទះតែម្នាក់ឯងមិនចេញទៅណាឡើយ ហើយបានបួងសួងថា បើគាត់មានជីវិតរស់ គាត់នឹងកោរសក់ថ្វាយដល់ព្រះធរណី នៅភូមិដែលយាយតីរស់នៅ ដូច្នេះហើយទើបភូមិនោះមានឈ្មោះថា ភូមិកោដូនតីរហូតមកទល់សព្វថ្ងៃនេះ។
បើនិយាយពីផ្ទះសេដ្ឋីវិញ មនុស្សមកចូលរួមយ៉ាងច្រើនកុះករ។ ពេលពិធីសែនព្រេនបានចាប់ផ្តើមឡើង ស្រាប់ តែកើតមានបាតុភូតចម្លែក ដោយក្នុងបរិវេណផ្ទះសេដ្ឋី ត្រូវព្រះធរណីស្រូបយកមនុស្សទាំងអស់ចូលទៅក្នុងដីគ្មានសល់ លើកលែងតែយាយតីម្នាក់គត់។ ដោយឃើញទិដ្ឋភាពបែបនោះ យាយតីភ័យក៏បានរត់គេចពីកន្លែងនោះទៅដល់ដីទួលមួយកន្លែង (បច្ចុប្បន្នដីទួលនោះបានក្លាយជាតំបន់ដីព្រៃអារក្សភ្នំតេ) គាត់ក៏បានកោរសក់នៅទីនោះ តាមអ្វីដែលគាត់បានបន់ស្រន់ថ្វាយដល់ព្រះ ធរណី ហើយក៏រស់នៅទីនោះរហូតមានគ្រួសារ និងកូន ប្រុសមួយ។
ក្រោយពីកូនប្រុសកើត ប្តីរបស់គាត់ក៏ទៅបួសជាតាបសនៅលើភ្នំខ្ជោល(ឱរ៉ាល់) ហើយពេលដែលកូនកើតមកមានឈ្មោះត្រសក់ផ្អែម។ ចំណែកកន្លែងទឹកពុះឯណេះវិញ ក្រោយពីព្រះធរណីស្រូបយកអ្នកដែលមកចូលរួមពិធីការកូនសេដ្ឋី ជនជាតិសួយអស់ហើយ កន្លែងនោះក៏ស្រាប់តែក្លាយជាមានទឹកហូរចេញពីក្នុងដី ហើយមានកំដៅក្តៅរហូតដល់បច្ចុប្បន្ន។ នេះបេីតាមការរៀបរាប់របស់លោកស្រី ម៉ែន សាមីន តំណាងជនជាតិដើមភាគតិចសួយ ភូមិកោដូនតី ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៕ រូបភាព÷ក្រសួងបរិស្ថាន
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_kRHZrqnGcXQZ_YMl1ualL3TSyI4k80c-MfAM1gp4XHrjT2eFzsqcbG1KoJNSz_id6J45IctqyDHVP4jA1IvSQ70QEdIksW0x_soWoECfM6Fox_7MjZ1MunnXqxgY-N5wFZkxRrne2KZnPT7998mYmIulAH9LBYSwNxhr3V7k23dtnCxQ4c145qzl/s1600/44%20%281%29.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDmEDrj_rB9o_BJyiODCFuqZvSXNuWtJhlmJ0GcLOr4CPFkWbWiyA55UHtVE9Oe6dXRnOBzV52RsBRg9CPL4iMn-UR1JYl-BIvnwLzO5saOT5YuFARYQkO7UqvaHaZkrbrlJm6jl3kk_Q4KqvyK5cSMWkg98eY_IkzK7fg1XELqolXXWLfrtZ_oPNs/s1600/44%20%282%29.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNqEEwoW54WJOc_49ROioR35oNvopvIn1VpteByKCsUdH5KQSA9AXR9CVQ_iu9o9JFwxTQ-cKUBZmBDITpm7LxuaijtdFtLzzxtXAnPvyQ7hJ88IlDdnpnnGIjuL5bwJ3NHIhNRPQq0cLztsWc_mBCQdNMKkQsIuVqJEWdQjzpqPMuGz7zMFU0CCRQ/s1600/44%20%283%29.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVc1aSEFfLYyCg21dXyA2teSxvWq_KLqjGkf9QguZ2u4L2ZMW1_ijHzopYFwiQw9ckqghaaxj_ygG4eZoPP_upOE_b4YVE4GxP0UXq9mZDBImDeMv2MHRkE1Lkmoll-lE5CZtvon-3B28__RddBIPPmxCfcztOitLN6fongOCAX9n5-b-fO0rtIYeJ/s1600/44%20%284%29.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPp60sgIugwFnDllwGiK9cRBGQ2cmw0IQ1rOO1Y0LO0eABR5tN5hvGYPoIY99w44pDOvcvkxOm2bWJEY5yid5RyN9GK3Hb9Z9UNJp-qzVWRUK9vmB6F2IiGXxi8ML_0sBCnahBzTOhtmRkMk0eOjBP7JTHSjfgR0LAoFuiZ_9wLJs50_dhI4m5DX4N/s1600/44%20%285%29.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE5CZyHEsA1zGD7nC6JCjP1p9MjdIXHMuj5Bppg6KFCG7dwOqEuZR9B9xVgUkiZWZXp6fwrOGA2He8k5TvTGCmrtdw4BV2aWWQOEUZzluIlJXB7oA2OVwQybu8i7UqY_d2TLciOM1tgs8vD2rMHv2r3UxIvMXITiBDB7ZPhhYFu-wewmvrAYVZSUpv/s1600/44%20%286%29.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvKxIYNJ57tI0o_xU8YvLbCa__Fvk9OUVItX1neZTtX-ZrTjo5tQBIvtXZJIwNcU-rIE1c4NvBkMBISeeg-8nNKsSm7nlHXwbo4tE-noOioUySTFAxFdFOwizoAfqb9I3zVhSlZZaarsg6Rj_1DWNNpvQgildmiekc_HdgCgZV8ro1YbFlQCUyqXzH/s1600/44%20%287%29.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3I1lxeUc4cTnNWObEoDrgF8JmvbjLoPFm7tAEBwtVwZlcjmEaeiji9rn9MhrQB-yWetJxNPNWeykmNcI0iRC4XvslcRZRmRLKdJv7A8ayKIACIj3NObPGsr-w9nD7Kc0a0a2PuOwZrSDxZuYsEjqDE_GtsjG1nmtYdIwtKWMPRmTWYJTB9W7fT2du/s1600/44%20%288%29.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhSz11TsjDclmkhdFG0PIq9TxCCZsR274EeqiTBD7HqDKcSaD8toMeOJFBLaFHS8X8sUxVH1s_j-KTY06eTNLAGgaYIVKEirTGbHCEujfDMsuQ9ID668znJwXKdSflyVg6cuCj36Uqs4jAXnKjKEWW6f9wufxV20hvO2dsAIxKAXBgxr-OhcZGUPsX/s1600/44%20%289%29.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZAztMvJv1ANogUmFsIaij85qyRNk99wb6nxk41r2KAQSRCcPgNHgyyMcGw5yIifvlod6u9brn0ZxgG2emRRTqMohPGzUOVbzjpdikrGKaTxYenn7XKjAAm8yYmRDg0jst-cvD5jJezs4AZ9iVbX_WFDpoMfMsddql6z0WqlU11wIQqCTlIUmSviC9/s1600/44%20%2810%29.jpg)