
សង្គម
កីឡាការិនីស្នូឃ័រកម្ពុជា ស្រួង ភាវី បានសាងស្នាដៃថ្មីដ៏រំភើបរីករាយចំពោះមុខឪពុកម្តាយបង្កើតរបស់ខ្លួននៅលើទឹកដីនៃប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីនាងបានឈ្នះជើងឯកកីឡាប៊ីយ៉ាការ៉ុមលំដាប់ពិភពលោក PBA-LPBA Championship កាលពីពេលថ្មីៗនេះ។
កីឡាការិនីដែលមានដើមកំណើតនៅខេត្តត្បូងឃ្មុំបានរៀបរាប់ថា អស់រយៈពេលជាង១០ឆ្នាំ ដែលកូនស្រី កម្ពុជាម្នាក់នេះ មានក្ដីសុបិន្តថា នៅថ្ងៃណាមួយ កូននឹងនាំអ្នកមានគុណទាំងពីរ ឱ្យលោកបានមកមើលការប្រកួត របស់កូនស្រី ដែលជាការប្រកួតខ្នាតអន្តរជាតិ ដ៏ល្អឥតខ្ចោះនៅទឹកដីប្រទេសកូរ៉េនេះ។
ទីបំផុត កូនស្រីកម្ពុជាម្នាក់នេះ អាចធ្វើបាន ហើយក៏នឹកស្មានមិនដល់ថា ក្តីសុបិន្ដក្លាយជាកាពិតនៅក្នុងពេលនេះឡេីយ ហេីយនិងការយកឈ្នះ គ្រប់ការប្រកួតដ៏តឹងតែងហេីយរន្ធត់ស្លុតអារម្មណ៍មួយនេះផងដែរ កូនសន្យាថានឹង ធ្វើជាកូនស្រី ល្អ សម្រាប់ គ្រួសារនិងសង្គមជាតិ។
សូមបញ្ជាក់ថា ការប្រកួតបានប្រព្រឹត្តទៅរយៈពេល៧ថ្ងៃដែលមានកីឡាការិនីជាច្រើនរូបមកពីបណ្តាប្រទេសផ្សេងៗជុំវិញពិភពលោក។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស្រួង ភាវី បានយកឈ្នះកីឡាការិនីម្ចាស់ផ្ទះ Ga-young KIM និងនៅវគ្គផ្តាច់ព្រ័ត្របានយកឈ្នះកីឡាការិនីម្ចាស់ផ្ទះ Mi-rae LEE ដើម្បីគ្រងជើងឯក PBA-LPBA Championship លំដាប់ពិភពលោកដែលមានប្រាក់រង្វាន់២០លានវ៉ុន ប្រមាណជាង១ម៉ឹន៥ពាន់ដុល្លារ៕











