header ads

Sponsor

(ត្បូងឃ្មុំ)៖ ប៉ុន្មានថ្ងៃកន្លងទៅនេះ ក្នុងខេត្តត្បូងឃ្មុំ ពិសេសក្រុងសួង មានភ្លៀងធ្លាក់ជាបន្តបន្ទាប់បណ្តាលឲ្យលិចតាមតំបន់ទាបៗ មាន ដីស្រែ ត្រពាំង ប្រឡាយ ពេញប្រៀប ហើយ នៅយប់ថ្ងៃទី២៤ ឈានចូលថ្ងៃទី២៥ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់មកទើបបណ្តាលឲ្យផ្សារសួងលិច តែមិនបណ្តាលឲ្យប៉ះដល់សម្ភារៈរបស់អាជីវករឡើយ គ្រាន់តែមានការរំខានដល់ប្រជាពលរដ្ឋក្នុងការអាស្រ័យផលក្នុងការប្រកបរបរលក់ដូរបន្តិចបន្តួចតែបណ្ណោះ បច្ចុប្បន្នទឹកចាប់ស្រកទៅវិញជាបណ្តើរៗ ហើយ ។

លោក ជា ណារ៉ុន អភិបាលក្រុងសួង បានបញ្ជាក់ឲ្យសារព័ត៌មានដឹងថា នៅក្នុងខែកក្កដានេះ មានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ជាហេតុ ធ្វើឲ្យតំបន់ទាបៗ សំបូរទឹក ពេញប្រៀប មានដូចជា ប្រឡាយទឹក ដីស្រែ ត្រពាំង ជាដើម ។ល។ ហើយនៅយប់ថ្ងៃទី២៤ ឈានចូលយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់នោះ ទើបបណ្តាលឲ្យទឹកលិចផ្សារក្រុងសួងរបស់យើង តែមិនបណ្តាលឲ្យខូចខាតសម្ភារៈដល់អាជីវកររបស់យើងឡើយ ។

លោកអភិបាលក្រុងសួងបានបញ្ជាក់ឲ្យដឹងទៀតថា ទឹកលិចផ្សារនេះ ដែលស្ថិតក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ មូលហេតុ ដោយសារទីផ្សារទាបប្រៀបដូចបាតខ្ទះ ពោលគឺ ទីផ្សារទាបជាងផ្លូវ ទាបជាងលូ ហើយទឹកភ្លៀងមិនអាចហូរចូលលូទាន់ដើម្បីរំដោះទឹកបានទេ នោះទើបទឹកលិចតែម្តង ។ ហើយប្រវត្តិផ្សារសួងយើងនេះ ទឹកភ្លៀងធ្លាប់លិចចំនួន២ដងដែរ គឺ នៅឆ្នាំ២០១៦ ។ ហើយយប់មិញនេះ ទឹកភ្លៀងបានលិចជាលើកទី៣  ដែលមានកំពស់ទឹក ១២៤,៥មីលីម៉ែត្រ គឺលិចផ្លូវដើរក្នុងផ្សារទាំងអស់ តែមិនបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិអាជីវករឡើយ ។

ចំពោះស្ថានភាពរហូតដល់ម៉ោងប្រមាណ០១ថ្ងៃត្រង់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ ទឹកបានស្រកទៅវិញហើយ ខណៈពេលនេះដែរ ដំណើរការក្រុមអាជីវករ ក៏បានប្រព្រឹត្តទៅជាធម្មតាឡើងវិញ ហើយខាងអាជ្ញាធរក្រុងនឹងបន្តពិនិត្យស្ថានការណ៍នេះ មើលជានិច្ចដើម្បីមានចំណាត់ការជាបន្តបន្ទាប់បន្ថែមទៀត។

ជុំវិញបញ្ហាការលិចទឹកផ្សារសួងនាពេលនេះ លោកអភិបាលក្រុងរួមទាំងអាជីវករភាគច្រើនសម្តែងការសោកស្តាយចំពោះគម្រោងសាងសង់ផ្សារសួងថ្មី (បែបទំនើបទាន់សម័យ ច្រើនជាន់) ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលបានឧបត្ថម្ភចំណាយថវិកាសាងសង់ទាំងស្រុងជូនបងប្អូនអាជីវករកាលពីចុងឆ្នាំ២០១៨ ប៉ុន្តែបងប្អូនអាជីវករមួយចំនួនតូចមិនយល់ស្របឲ្យសាងសង់ផ្សារថ្មី ទើបផ្សារសួងនៅតែរក្សាស្ថានភាពចាស់ទ្រុឌទ្រោម និងលិចទឹកពេលមានទឹកភ្លៀងជន់ខ្លាំងរហូតដល់សព្វថ្ងៃ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post