បញ្ហាដីព្រៃឈើ នៅតំបន់សួនសត្វភ្នំតាម៉ៅ កំពុងក្លាយជារឿងក្ដៅមួយដែលអ្នកលេងបណ្ដាញសង្គមមួយចំនួនបានបង្ហាញប្រតិកម្មរបស់ខ្លួន ទោះបីជារដ្ឋបាលព្រៃឈើបានធ្វើសេចក្តីជូនដំណឹង និងធ្វើការបកស្រាយយ៉ាងណាក្តី។

ពាក់ព័ន្ធក្នុងរឿងនេះដែរលោក តាន់ គឹមសួរ បានបង្ហោះសារខ្លីមួយថា៖ “អភិបាលខេត្តតាកែវស្ងាត់ឲ្យជ្រាប គាត់ឈឺឬយ៉ាងណា បងប្អូនមានដឹងដំណឹងពីគាត់ទេ? ភ្ញៀវមកលេងពេញផ្ទះហើយ តែអត់ឃើញម្ចាស់ផ្ទះចេញមកទទួលសោះ”។

ជាការឆ្លើយតបនឹងសំណួរនេះ អភិបាលខេត្តតាកែវបានលើកឡើងថា៖«ខ្ញុំ អ៊ូច ភា អភិបាលខេត្ត តាកែវ សូមជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់មេត្តាជ្រាបថា បញ្ហាដីព្រៃឈើ និងសួនសត្វភ្នំតាម៉ៅ ស្ថិតនៅក្រោមការគ្រប់គ្រង ផ្ទាល់ដោយរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មិនមែនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តតាកែវនោះទេ ។

រាល់ការចាត់ចែកទាំងឡាយវាជាសិទ្ឋរបស់ក្រសួង ខេត្តមិនមានសិទ្ឋនោះទេ ។ សូមបង ប្អូនជនរួមជាតិទាំងអស់កុំមានការយល់ច្រឡំលើ រូបខ្ញុំ ។ ខ្ញុំនិយាយនេះកុំអោយបងប្អូន ចេះតែវាយប្រហារលើរូបខ្ញុំ ។ ម្សិលមិញខ្ញុំឃើញរដ្ឋបាលព្រៃឈើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចេញសេចក្តីបំភ្លឺដែរហើយ ខ្ញុំគិតថាបងប្អូនពិតជាយល់ ។ បើបង្អូនចង់ដឹងការពិតត្រូវតែទៅពិនិត្យមើលសួនសត្វភ្នំតាម៉ៅដោយផ្ទាល់ ថាតើគេឈួសឆាយសួនសត្វនោះឬគេ កំពុងរក្សាការពារ ។ សូមអរគុណ»

ដោយឃើញការតបសំណួរខាងលើនេះ លោក តាន់ គឹមសួរ ឆ្លៀតលើកមួយសំណួរទៀតថា៖ «សូមគោរពជម្រាបសួរឯកឧត្តមអភិបាលខេត្តតាកែវ ខ្ញុំបាទតាន់ គឹមសួរពិតជាអរគុណខ្លាំងណាស់ចំពោះការឆ្លើយតបបកស្រាយរបស់ឯកឧត្តមអភិបាល🙏🙏🙏 តើឯកឧត្តមយល់ឃើញយ៉ាងណាដែរពាក់ព័ន្ធរឿងមិនប្រក្រតីអំពីការដោះដូរដីទៅឲ្យក្រុមហ៊ុន Khmer Fresh Milk? ហើយបើឯកឧត្តមមានសិទ្ធ តើឯកឧត្តមនឹងស៊ីញេកាត់ដីតាមការស្នើសុំទេ? ឯកឧត្តមយល់ឃើញយ៉ាងណាដែរអំពីការលើកឡើងរបស់ក្រសួងកសិកម្មដែលថាមិនមានសត្វកម្រ មានតែជ្រូកព្រៃបំផ្លាញដំណាំរបស់ប្រជាជន ដីគ្មានជីវជាតិ?»

ចំពោះសំណួរនេះ យើងខំព្យាយាមរកដែរ តែមិនឃើញមានចម្លើយនោះទេ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor