
សង្គម
រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខណ្ឌនានា នៃរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
អភិបាល នៃគណៈអភិបាលខណ្ឌដែលបានចូលកាន់មុខតំណែងថ្មីរួមមាន៖
-លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ
-លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ
-លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង
-លោក លឹម សុភា អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ
-លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា
-លោក សក់ ចន័្ទកញ្ញារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ
-លោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន
-លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ។
តាមរយៈទំព័រហ្វេបុករបស់លោក ហែម ដារិទ្ធិ បានលើកឡើង គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់សេចក្ដីទុកចិត្តតែងតាំងរូបលោក ជា អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមរយៈការផ្ដល់សេចក្ដីទុកចិត្តខាងលើនេះ «ខ្ញុំបាទសូមប្ដេជ្ញា ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី អនុវត្តតួនាទីភារកិច្ចដែលរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានីភ្នំពេញ ប្រគល់ជូនដោយស្មារតីទទួលខុសត្រូវខ្ពស់ មនសិកាជាតិ កត្តញ្ញូ និងប្ដេជ្ញាខិតខំអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងបុព្វហេតុ ជាតិ ប្រជាជន និងមាតុភូមិកម្ពុជាដ៏ផូរផងរបស់យើង ។»
នៅព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២២នេះ អភិបាលខណ្ឌមានជ័យរូបនេះ បានលើកឡើង៖ «សំខាន់បានឆ្អែតដូចគ្នា (ថ្ងៃដំបូងនៃទឹកដីថ្មីខណ្ឌមានជ័យ) អរគុណបងប្អូនចាក់អង្រែក្រោមដែលបានញាំបាយជាមួយ និងអោយទឹកតែក្តៅ២ប៉ាន់។»





