
សង្គម
ដ្បិតមានវ័យជ្រេនឹងមានកូនកម្លោះក្រមុំទន្ទឹមខ្លួនទៅហើយក្តី ប៉ុន្តែតារាសម្តែង សឿន ផាភួង នៅតែសម្រស់ស្រស់ផូរផង់ ហើយការងារសិល្បៈទៀតសោតក៏មានហាងឆេងមិនធម្មតាដែរ ។ យ៉ាងណាមិញថ្មីៗនេះអ្នកនាង សឿន ផាភួង បានបង្ហាញរូបភាពយ៉ាងស្រស់ស្អាតក្នុងឈុត កូនក្រមុំបែបសម័យជាមួយតារាសម្តែងលោក លាង ឧត្តម ដែលធ្វើឱ្យមិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើនជូនពរគ្រប់គ្នា ។
សឿន ផាភួង ដែលត្រូវគេស្គាល់ថាជាអ្នកម្តាយរបស់តារាសម្តែងវ័យក្មេង អាង សុជាតា ហៅ ឈូ ឈូ ដែលក្នុងពេលនេះម្តាយ និងកូនទាំងពីររូបនេះកំពុងមានទីផ្សារសិល្បៈខ្ពស់មិនចាញ់ តារាដទៃឡើយ។ថ្មីៗនេះ សឿន ផាភួង ថែមទាំងសម្ញែងផ្ទះវីឡាយ៉ាងស្រស់ស្អាតដែលទើបនឹងទិញដែលធ្វើឱ្យមិត្តភក្តិលាន់មាត់សរសើរគ្រប់គ្នា ។
ខណៈអាជីពសិល្បៈកំពុងមមាញឺកនឹង ផ្ទុះខ្លាំងនោះថ្មីៗនេះតារាសម្តែងវ័យក្បែរ៤០ឆ្នាំរូបនេះបានបង្ហាញរូបភាពជាច្រើនសន្លឹកជាមួយតារាសម្តែងរូបសង្ហាលោក លាង ឧត្តម ដោយស្លៀកនូវឈុតរ៉ូបកូនក្រមុំពណ៌សដែលមើលទៅមិនខុសពីកូនកម្លោះក្រមុំថតរូបភាព Pre Wedding ត្រៀមចូលរោងជ័យឡើយ។
ជាមួយនឹងរូបភាពដ៏ស្រស់ស្អាតរបស់តារាសម្តែងវ័យជ្រេទាំងពីរដួងទទួលបានការចាប៉អារម្មណ៍ពីសំណាក់មិត្តភក្តិនៅក្នុងបណ្តាញសង្គមទាំងក្នុងនិងក្រៅសិល្បៈដោយម្នាក់ៗបានជូនពរដល់អ្នកទាំងពីរគ្រប់គ្នា។ក្នុងនោះក៏មានអ្នកខ្លះបានខមិនជាច្រើនថា«រឿងថ្មីរឿងចាស់ទីបំផុតក្លាយជារឿងពិត»«រៀបការថ្ងៃដែរបងស្រី» «ចុមស្ងាត់ៗតែម្តងអាយដល» ជាដើម។
ឆ្លើយតបជាមួយអ្នកគាំទ្រ សឿន ផាភួង បានប្រាប់ថា«ឆាប់ៗហ្នឹងហើយត្រៀមតែលុយចងដៃទៅ» ។ទោះបីជាមានការលើកឡើងបែប នេះពីសាម៉ីខ្លួនក្តី តែក៏មានអ្នកលេងបណ្តាញសង្គមខ្លះបានយល់ថារូបភាព Pre Wedding របស់អ្នកទាំងពីរអាចជាឈុតខ្លះនៅក្នុងសាច់រឿងថ្មីរបស់ពួកគេតែប៉ុណ្ណោះមិនមែនជារឿងពិតទេ ។
គេចាំបានថាកន្លងមកតារាសម្តែង សឿន ផាភួង និងលោក លាង ឧត្តម ធ្លាប់ត្រូវបានមហាជនសង្ស័យថាពួកគេមានទំនាក់ទំនងស្នេហាក្រៅឆាកក្រោយអ្នកទាំងពីរបានបង្ហាញភាពផ្អែមល្ហែមទាំងក្នុងនិងក្រៅការសម្តែង ប៉ុន្តែយ៉ាងណាពួកគេធ្លាប់ច្រានចោលរឿងនេះ ៕









