
សង្គម
ផ្កាស្បៃរឿងប្រមាណ ១លានទង ដែលឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានដឹកនាំដាំ ក៏ដូចជារៀបចំសួនច្បារបន្លែ ដោយផ្ទាល់ដៃតែម្តង ដើម្បីតាំងលំអរនៅថ្ងៃអាពាហ៍ពិពាហ៍កូនស្រីរបស់លោកប្រព្រឹត្តទៅ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ថ្មីៗនេះ ដើម្បីជាការលំអរផ្ទះថ្ងៃរៀបមង្គលសិរីជូនកូនស្រី និងបង្ហាញពីបេះដូងដ៏ធំធេង នៃការស្រឡាញ់ របស់លោក ។
ក្រោយពិធីមង្គលការដ៏អធិកអធមរបស់កូនស្រី បានបញ្ចប់ទៅដោយរលូនឥតខ្ចោះ នៅថ្ងៃទី ០៧ ខែធ្នូនេះ ឯកឧត្តម បានប្រកាសចែកផ្កាស្បៃរឿងនេះ ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ គឺអាចយកបានតាមលទ្ធភាពដែលអាចដាក់ដឹកនៅតាមសួនមុខផ្ទះក្រោមដើមត្នោត ស្របតាមដងវិថីជា សុផារ៉ា ហើយឯកឧត្តមបានបន្តថា ស្អែកខ្ញុំនឹងដាក់ជូនប្រមាណប្រាំម៉ឺនដើមទៀត។
ជាមួយគ្នានោះដែរឯកឧត្តមក៏បានបង្ហាញពីរបៀបដាំផងដែរ។
អំពីផ្កាស្បៃរឿង និងវិធីដាំ: ១. ផ្កាមូលៗគឺផ្កាក្រពុំដែលនឹងរីក ២. ផ្កាកំពុងរីក ៣. ផ្កាទ្រវែងគឺផ្កាដាក់គ្រាប់ ពេលឡើងខ្មៅហើយគឺអាចបេះដាំបន្តពូជបាន
វិធីដាំៈ ១. យកគ្រាប់ត្រាំទឹក ១២ ម៉ោង ២. សាបលើដីធូៗ ៣. ដកកូនទៅដាំក្នុងថង់ ឬក្នុងរង ៤. ស្រោចទឹកមួយថ្ងៃពីដង ដាក់ជីកំប៉ុស ឬលាមកគោ សប្ដាហ៍ទី១ ទី៣ ទី៦
៥. ក្តិចត្រួយសប្តាហ៍ទីបីដើម្បីឱ្យបែកមែក ផ្កាច្រើន ៦. ចាប់ផ្តើមផ្កានៅសប្តាហ៍ទី៧ និងទី៨
៧. ក្នុងករណីចង់ទុកឱ្យបានយូរ ក្តិចផ្កាដែលរោយរៀបចេញជាគ្រាប់ ដើម្បីឱ្យបែកមែក និងផ្កាបន្តទៀត













