
សិល្បៈ
តារាចម្រៀង ខេមរៈ សិរីមន្ត ត្រូវបានផលិតកម្មរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រៀបចំពិធីស្វាគមន៍នឹងចុះកិច្ចសន្យាជាផ្លូវការហើយ នៅល្ងាចថ្ងៃទី ១៣ ដែលមិនខុសពីតារាចម្រៀង ព្រាប សុវត្ថិ ប៉ុន្មានឡើយ ក្នុងនាមជាតារាចម្រៀងលំដាប់ជួរមុខ ខេមរៈ សិរីមន្ត ក៏ទទួលបានការរៀបចំពិធីទទួលជាតារាចម្រៀងពេញសិទ្ធិនៅក្នុងផលិតកម្មហ្គាឡាក់ ស៊ី ។
នៅក្នុងឱកាសមួយនេះ សម្រាប់អ្នកឧកញ៉ា ឡេងណាវ៉ាត្រា បានលើកឡើងសំណេះសំណាលជាមួយបុគ្គលិកជាង១ពាន់នាក់របស់លោក ហើយអ្វីដែលគួរឱ្យសរសើរនោះគឺលោកមិនភ្លេចសម្ដែងការគោរពដឹងគុណអ្នកមានគុណរបស់លោកនោះទេ។
តាមរយៈទំព័រហ្វេបុករបស់លោក បានរៀបរាប់ថា៖ «បុគ្គលិកជាងមួយពាន់នាក់ របស់ Galaxy navatra Group មកពីតាមខេត្តនិងតំបន់ មកជួបជុំ ចូលរួមទទួលស្វាគមន៍សមាជិកក្រុមកាងាថ្មីបន្ថែមគឺ លោកឧកញ៉ាខេមរៈសិរីមន្ត ។ »
«ខ្ញុំបាទយក ឱកាសនេះសំណេះសំណាល ជាមួយបងប្អូនបុគ្គលិកទាំងអស់ដែលជាការជួបជុំធំប្រចាំឆ្នាំតែម្ដង ថ្ងៃនេះ លោកពុកទាំងពីរ បានចូលរួមជាគណៈអធិបតី ខ្ញុំបាទសូមសម្ដែងនូវការគោរពដឹងគុណ របស់លោកមានគុណទាំងពីរ»។
ក្រោយពីឃើញបែបនេះ អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិកោតសរសើរ ដោយអ្នកខ្លះបានលើកឡើងថា៖ «អ្នកឧកញ៉ា គឺជាអ្នកដឹកនាំប្រកបដោយគុណធម៌ និងមានភាពទទួលខុសត្រូវខ្ពស់ចំពោះបុគ្គលិកគ្រប់ជាន់ថ្នាក់» អ្នកខ្លះទៀតលើកឡើងថា៖ «អ្នកឧកញ៉ាជាថ្នាក់ដឹកនាំដែលដឹងគុណឪពុកម្ដាយណាស់ កម្មវិធីធំបែបនេះគាត់សុខចិត្តអង្គុយនៅចំហៀងហើយឲ្យលោកអ្នកមានគុណអង្គុយនៅកណ្ដាល ពិតជាគួរឲ្យគោរពកោតសរសើរណាស់»៕















