
សិល្បៈ
ស្វាយរៀង៖ យុវតី សុខ សៀងហ្គិច សិស្សថ្នាក់ទី១២A នៃវិទ្យាល័យជីភូ បានបង្ហាញនូវក្ដីស្រលាញ់ចំពោះលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយបានចាត់ទុកជា លោកស្រី ជានិមិត្តរូបក្នុងដួងចិត្ត ខណៈដែលកន្លងមកធ្លាប់តែឃើញវត្តមានរបស់លោកស្រី នៅតាមកញ្ចក់ទូរទស្សន៍ និងតាមបណ្ដាញសង្គម ហើយលើកនេះទើបបានជួបដោយផ្ទាល់។
ក្នុងឱកាសចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ លោកស្រី ឱ វណ្ណឌីន ក៏បានទទួលសំបុត្រមួយសន្លឹកពីសិស្សវិទ្យាល័យជីភូ ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង តាមរយៈលិខិតនោះ យុវតី សុខ សៀងហ្គិច បានរៀបរាប់យ៉ាងដូច្នេះថា៖
«ថ្ងៃនេះខ្ញុំពិតជារំភើប និងសប្បាយចិត្តជាខ្លាំងដោយបានជួបលោកជំទាវ ជាលើកដំបូង ដោយសារតែលោកជំទាវជា idol របស់ខ្ញុំ ខ្ញុំបានស្គាល់លោកជំទាវតាមទូរទស្សន៍ ហើយក៏បានក្លាយជា Fan របស់លោកជំទាវ ស្ដាប់មើលទៅគួរឲ្យអស់សំណើច ក៏ប៉ុន្ដែលោកជំទាវបានធ្វើជាគំរូល្អនៅក្នុងសង្គម ខិតខំធ្វើការលះបង់កម្លាំងកាយចិត្ត ដើម្បីបំពេញតួនាទីជាគ្រូពេទ្យបានយ៉ាងល្អ។
«នាងខ្ញុំជា Fan លោកជំទាវតាំងពីឆ្នាំ២០២០ សន្យានឹងខិតខំរៀនសូត្រ និងធ្វើជាគំរូល្អនៅក្នុងសង្គមដូចលោកជំទាវដែរ។ នាងខ្ញុំសូមជូនពរ លោកជំទាវ សុខភាពល្អ និងអាយុយឺនយូរ»៕




