យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ក្រោយពីឃើញរឿងរ៉ាវរបស់កីឡាករសញ្ជាតិប្រេស៊ីល Thiago ឯកឧត្តមបានប្រកាសឱ្យពលរដ្ឋខ្មែរជួយផ្ដល់ជាលុយទៅកាន់កីឡាកររូបនេះផង ដោយក្នុងនោះឯកឧត្តមផ្ទាល់ ក៏បានជួយជាប្រាក់ចំនួន ១០០០ដុល្លារ ផងដែរ។
តាមរយៈសំណេរទាំងស្រុងរបស់ឯកឧត្តមបានលើកឡើងឱ្យដឹងទាំងស្រុងថា៖ «ឃើញគេមិនអោយលុយអ្នកប្រដាល់ប្រេស៊ីលព្រោះប្រើគុនខ្មែរផ្តួលគុនថៃ កីឡារមែងមានឈ្នះមានចាញ់ តែបើគេយករឿងឈ្មោះកីឡាមកជាលេស ( គេត្រូវហាមមុនឡើងប្រដាល់ ) សូមខ្មែរយើងជួយផ្តល់លុយទៅកីឡាករនោះវិញផង ។ ខ្ញុំផ្ទាល់សូមផ្ញើលុយ ១ ០០០ ដុល្លារទៅគាត់ តាមរយៈសមាគមប្រដាល់គុនខ្មែរយើង ។»
សូមជម្រាបជូនថា ក្រោយពីការប្រកួតកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ កីឡាករប្រដាល់ប្រេស៊ីល Thiago Teixeira ដែលបានប្រកួតតំណាង «គុនខ្មែរ» បានឈ្នះខ្សែក្រវ៉ាត់ WMO World Muay Thai Organization Middleweight នៅសង្វៀន Apex Fight Series របស់ប្រទេសអាឡឺម៉ង់ តែថ្មីៗនេះក៏ត្រូវបានស្ថាប័នម៉ឺយថៃពិភពលោក ប្រកាសដកហូតខ្សែក្រវ៉ាត់ WMO World Title និងហាមឃាត់គាត់ពីគ្រប់សកម្មភាពទាំងអស់ពាក់ព័ន្ធនឹង WMO ហេតុផលសង្ខេបខ្លីមិនមានអីច្រើនទេគឺ ធីអាហ្គោ វាយតំណាងឱ្យគុនខ្មែរ ហើយតម្លៃខ្លួន៣៥០០$ក៏មិនត្រូវបានទៀត។