ប៉ុន្មានថ្ងៃនេះរឿងរ៉ាវដែលកំពុងផ្ទុះឡើងពាសពេញបណ្តាញសង្គមនោះគឺរឿងរបស់តារាចម្រៀងរ៉េប វណ្ណដា ក្រោយពីត្រូវអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហាញការមិនពេញចិត្តចំៗនាពេលថ្មីៗនេះ។ ជាមួយគ្នានេះគេក៏បានឃើញប្អូនប្រុសរបស់តារាចម្រៀងពហុជំនាញ ខាត់ សុឃីម ដែលជាតន្រ្តីករផ្នែកបុរាណនោះបានលើកឡើងថាស្ទីលតែងខ្លួនរបស់តារាចម្រៀង វណ្ណដា ជាគំរូមិនល្អសម្រាប់ក្មេងៗជំនាន់ក្រោយយកតម្រាប់តាមដែលមានដូចជាការជក់បារី ចាក់សាក់ ជាដើម។
លោក ខាត់ យ៉ៃ បានបង្ហោះរូបភាពរបស់តារាចម្រៀង វណ្ណដា ភ្ជាប់ជាមួយសារដែលមានន័យថា«ខ្ញុំមិនកាន់ជើង រឺ និយាយប៉ះពាល់អីទេតែ ការផ្សព្វផ្សាយ រឺ ទង្វើដែលធ្វើរបៀបចឹង គួរគិតមើលមានកូនខ្មែរ ប៉ុន្មានអ្នកដែល បានឃើញអ្នក អាចនឹងយកតម្រាប់តាមអ្នក ជក់វែប ជក់បារី ចាក់សាក់ ផឹកស្រា ស្លៀកសំលៀកបំពាក់មិនសម្យរម ..... នេះគ្រាន់តែជាមតិ យល់ឃើញ របស់ខ្ញុំពីបញ្ហានេះព្រោះមានច្រើនណាស់ឥលូវ នៅក្នុង ស្រុកភូមិខ្ញុំហើយបញ្ជាក់ថា បទចំរៀងរបស់គាត់ខ្ញុំចូលចិត្តទាំងអស់តែទង្វើ No»។
ប៉ុន្តែយ៉ាងណាកន្លងមកក៏មានការលើកឡើងថា វណ្ណដា ជាតារាចម្រៀងរ៉េប ដូច្នេះការរៀបចំខ្លួនរបស់លោកអាចយកស្ទីលតាមបែបបស្ចឹមប្រទេសជារឿងធម្មតា ព្រោះលោកមិនមែនជាអ្នកចម្រៀងបែបបុរាណទេ ។ ណាមួយពេលដែលតារាចម្រៀង វណ្ណដា ឡើងច្រៀងនៅក្នុងកម្មវិធីនានាកន្លងមកឃើញការរៀបចំខ្លួនរបស់លោកបត់បែនទៅតាមពេលវេលានឹងទីកន្លែងមិនមែនចេះតែស្លៀកសម័យគ្រប់ពេលនោះទេ ។ គួរបញ្ជាក់ថាលោក ខាត់ យ៉ៃ គឺជាប្អូនប្រុសរបស់តារាចម្រៀងពហុជំនាញ ខាត់ សុឃីម ហើយលោកក៏ជាតន្ត្រីករបុរាណម្នាក់ផងដែរ៕