រយៈពេលជិតកន្លះឆ្នាំហើយដែលមេតុងទីន ហាយសូរ ម៉ូលីកា បានជាប់មន្ទីរឃុំឃាំងដែលធ្វើឱ្យស្វាមីលោក ឆានុន តែងបង្ហាញអារម្មណ៍សោកសៅនឹកភរិយានឹងចង់ឱ្យភរិយាវិលមករួមរស់ជួបជុំគ្នាក្នុងពេលឆាប់ៗនេះ។ យ៉ាងណាមិញថ្មីៗនេះលោក ឆានុន បានបង្ហោះសារត្អូញ ត្អែរជាសាធារណៈដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការអាណិតអាសូរនឹងផ្តល់កម្លាំងចិត្តដល់រូបលោកគ្រប់គ្នា ។
អតីតតារាសម្តែងលោក ឆានុន បាននិយាយថា«ទ្រាំរស់ព្រោះរងចាំអូនមកវិញ រកលុយសងគេជាមួយគ្នា Miss you my strong wife»។ សារខ្លីមួយនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍នឹងបង្ហាញការអាណិតអាសូរដល់រូបលោកហើយខ្លះទៀតក៏បានលាន់មាត់ថាពិតជាប្តីល្អ ដែលនៅរង់ចាំរួមសុខទុក្ខជាមួយភរិយា ហើយខ្លះទៀត បានសួរទៅស្វាមី មេតុងទីនរូបនេះថា ពេលណាភរិយារបស់លោកអ្នកនាង ម៉ូលីកា មានសេរីភាពវិញ តែយ៉ាងណាលោកពុំបានឆ្លើយតបឡើយ។
គួរបញ្ជាក់ថាអតីតតារាចម្រៀង និងជាមេតុងទីនអនឡាញ ដ៏ល្បីល្បាញ ម៉ូលីកា ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួននៅកាលពី ថ្ងៃទី ១៤ ខែធ្នូកន្លងទៅ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរពោលគឺការចេញសែកស្អុយ ដែលមានទឹកប្រាក់ជិត ៧០ម៉ឺនដុល្លារ ។
គេចាំថាក្រោយបញ្ចប់អាជីពចម្រៀងនៅផលិតកម្មរ៉ុក អឿន ម៉ូលីកា បានងាកមកលក់ជ្រក់ជើងមាន់ នឹងបន្តមកលក់ផលិតផលរក្សាសម្រស់ឃើញថាទទួលបានជោគជ័យគួរសម តែក្រោយមកនាងក៏ងាកមកលេងតុងទីន តាមអនឡាញ តែមិនបានប៉ុន្មានរបរមួយនេះក៏ត្រូវបរាជ័យរហូតធ្លាក់ខ្លួនជាប់ពន្ធនាគារដូចសព្វថ្ងៃ ៕