នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៣នេះ លោកជំទាវ ឧកញ៉ា នឹម វណ្ណៈ បានចេញសេចក្ដីជូនដំណឹងមួយ ជម្រាបជូនមក អ្នកឧកញ៉ា ឡេង ភត្រ្តា (ឡេង ណាវ៉ាត្រា) ធ្វើការលុបចោលរាល់ការបង្ហោះដែលគណនីហ្វេសបុកអ្នកឧកញ៉ា បានចែករំលែក (Share) ពីការបង្ហោះរបស់គណនីលោកជំទាវ ដែលមានឈ្មោះ Vannak Nim និងលុបចោលនូវការបង្ហោះពាក់ព័ន្ធនឹងឈ្មោះលោកជំទាវកាលពីពេលថ្មីនេះ ចេញទាំងអស់។
តាមរយៈសេចក្ដីជូនដំណឹងរបស់លោកជំទាវ នឹម វណ្ណៈ បានរៀបរាប់ឱ្យដឹងថា៖ នាងខ្ញុំសូមជម្រាបមក អ្នកឧកញ៉ា ឡេង ភត្រា (ឡេង ណាវ៉ាត្រា) មេត្តាជ្រាបថា៖ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ នាងខ្ញុំបានបង្ហោះរូបភាពលើ គណនីហ្វេសប៊ុករបស់នាងខ្ញុំដូចធម្មតា ស្រាប់តែនៅថ្ងៃដដែលវេលាម៉ោង២១ និង១៨នាទី គណនីហ្វេសប៊ុក ផេកឈ្មោះ Leng Navatra ឡេង ណាវ៉ាត្រា ដែលបានស្គាល់ថាជាហ្វេសប៊ុកផេករបស់ អ្នកឧកញ៉ា បានធ្វើ ការថតយកការបង្ហោះរបស់នាងខ្ញុំ (screenshot post) យកមកបង្ហោះ និងបង្ហោះបន្តជាច្រើនលើកច្រើន សារ ក៏ដូចជាការចែករំលែកការបង្ហោះរបស់នាងខ្ញុំដោយបានសរសេររៀបរាប់បំផ្លើស ទម្លាក់កំហុស និងចោទ ប្រកាន់ថាការបង្ហោះរបស់នាងខ្ញុំចង់សំដៅទៅលើ អ្នកឧកញ៉ា ទាំងដែលការបង្ហោះរបស់នាងខ្ញុំមិនដែល បានសរសេរចំឈ្មោះនរណាម្នាក់ ឬអ្នកឧកញ៉ា ឡើយ ដូចមានឃ្លាមួយក្នុងការបង្ហោះបានសរសេរថា៖
".. សូមកុំធ្វើបាប និងបោកប្រាស់ប្រជាពលរដ្ឋដែលគាត់ខំទុកចិត្ត និងបង់ថវិការឱ្យឧកញ៉ាៗដែលបានសាងសង់ បូរីនានា សូមដោះស្រាយជូនពួកគាត់ផង...។ ការបង្ហោះរបស់នាងខ្ញុំបានសរសេរត្រឹមថា “ឧកញ៉ាៗដែល បានសាងសង់បូរីនានា" តែប៉ុណ្ណោះ។
សូមបញ្ជាក់ផងដែរថា នៅក្នុងប្រទេសកម្ពុជាក្នុងចំណោមលោកអ្នក ឧកញ៉ាជាង១៣០០នាក់ មានលោកអ្នកឧកញ៉ាជាច្រើនដែលបានវិនិយោគលើអចលនទ្រព្យដូចជាការសាង សង់បូរីជាដើម ហេតុអ្វីពួកគាត់មិនមានការរសើប នឹងការបង្ហោះរបស់នាងខ្ញុំសោះ ឬក៏ព្រោះតែការវិនិយោគ សាងសង់បុរីរបស់ អ្នកឧកញ៉ា ពិតជាបានកេងប្រវ័ញ្ចកម្លាំងញើសឈាមបងប្អូនប្រជាពលរដ្ឋ និងបានធ្វើ ការកាប់បំផ្លាញព្រៃឈើពិតមែនឬយ៉ាងណា? ទើបបានជា អ្នកឧកញ៉ា បានអារម្មណ៍ថារអៀសខ្លួន និង រសើបជាមួយនឹងការបង្ហោះរបស់នាងខ្ញុំបែបនេះ។
ដូចនេះសូមបញ្ជាក់ជូន អ្នកឧកញ៉ា ថាការបង្ហោះរបស់ នាងខ្ញុំមិនបាន និងមិនមានចេតនាណាមួយចង់ប៉ះពាល់ដល់ការវិនិយោគរបស់ អ្នកឧកញ៉ា នោះទេ ប៉ុន្ត ការថតយកការបង្ហោះរបស់នាងខ្ញុំទៅបង្ហោះបន្ត និងការចែករំលែកបន្តរបស់ អ្នកឧកញ៉ា នោះទេ ដែល បានធ្វើការវាយប្រហារចំៗ និងបានបង្កើតជាការញុះញង់ឱ្យមានការរើសអើងមកលើនាងខ្ញុំ ដែលបានធ្វើឱ្យមហាជនយល់ច្រឡំមកលើនាង និងមានបុគ្គលិករបស់ អ្នកឧកញ៉ា ជាច្រើនចូលមកបញ្ចេញមតិ (comment) វាយប្រហារ សរសេរពាក្យអសុរោះជាច្រើនមកលើនាងខ្ញុំ ដែលនេះបានធ្វើឱ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាងខ្ញុំយ៉ាងធ្ងន់ធ្ងរជាទីបំផុត ព្រមទាំងមានការពាក់ព័ន្ធដល់រូបថតក្រុមគ្រួសាររបស់នាង ខ្ញុំទៀតផង។
អាស្រ័យហេតុនេះ នាងខ្ញុំសូមជូនដំណឹងដល់ អ្នកឧកញ៉ា ឱ្យធ្វើការលុបចោលការបង្ហោះ និង ការចែករំលែករបស់ អ្នកឧកញ៉ា ទាំងអស់កន្លងមកដែលមានពាក់ព័ន្ធនឹងឈ្មោះនាងខ្ញុំ ក៏ដូចជាគណនី ហ្វេសប៊ុកនាងខ្ញុំចេញ ក្នុងរយៈពេល ១២ (ដប់ពីរ) ម៉ោង គិតចាប់ពីពេលជូនដំណឹងនេះតទៅ។
ក្នុងករណី មិនមានការលុបចេញ ឬបញ្ឈប់ការបង្ហោះពាក់ព័ន្ធនឹងនាងខ្ញុំទេនោះ នាងខ្ញុំនឹងមានវិធានការតាមផ្លូវច្បាប់ព្រះរាជាណាចក្រកម្ពុជាចំពោះករណីនេះ។ សេចក្តីដូចបានជម្រាបជូនខាងលើ អ្នកឧកញ៉ា ឡេង ភត្រា (ឡេង ណាវ៉ត្រា) ទទួល ជ្រាបជាព័ត៌មាន។