ក្រោយភរិយាតារាកំប្លែង នាយពាក់មី បានចូលបន្ទប់សង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្របន្ទាប់ពីបានព្យួរសេរ៉ូមឱ្យស្បែកសនៅហាង S88 Beauty សាខាផ្សារធំថ្មីនោះ។ ស្រាប់តែមានការស៊ែររូបភាពម្ចាស់ហាង S88 Beauty ព្រោងព្រាតពីសំណាក់អ្នកលេងបណ្តាញសង្គម ។ ប៉ុន្តែយ៉ាងណាម្ចាស់គណនីយ ងួន ស៊ាង បានចេញមុខបកស្រាយថាខ្លួនគ្រាន់តែជាអតិថិជនប៉ុណ្ណោះមិនមែនជាហាងទេ ។
មានការស៊ែរព្រោងព្រាតពីសំណាក់អ្នកលេងបណ្តាញសង្គមក្រោយពីបានឃើញគណនីយដែលមានឈ្មោះថា Nguon Seang បានបង្ហោះរូបភាពកាលពីឆ្នាំ ២០២០ បង្ហាញពីការសម្ពោធហាងថ្មី S88 Beauty សាខាក្រោយពេទ្យលោកសង្ឈ។ក្នុងនោះក៏មានការលើកឡើងថា Nguon Seang គឺជាម្ចាស់ហាង S88 Beauty ដែលបានធ្វើឱ្យភរិយាតារាកំប្លែង នាយពាក់មី មានបញ្ហាធ្ងន់ធ្ងរក្រោយព្យួរសេរ៉ូមសាច់ស ។ ប៉ុន្តែយ៉ាងណាតាមរយៈការឡាយវីដេអូកាលពី០៦ម៉ោងមុននេះម្ចាស់ហាង ងួន ស៊ាង បានបញ្ជាក់ថា«ខ្លួនជាម្ចាស់ហាង Beauty Store មិនមែនជាម្ចាស់ហាង S88 Beauty ទេ។ ពោលគ្រាន់តែជាអតិថិជនប៉ុណ្ណោះកុំមានការយល់ច្រឡំអីហើយក៏មិនបានស្គាល់ថានរណាជាម្ចាស់ហាងដែរ »។
នៅតែមានមន្ទិលព្រោះកន្លងមកគេតែងឃើញម្ចាស់ហាង Beauty Store ងួន ស៊ាង បង្ហាញវត្តមាននៅក្នុងការសម្ពោធហាង S88 Beauty សាខានានា។ អ្វីដែលកត់សម្គាល់គិតមកដល់ពេលនេះ ភរិយា នាយពាក់មី បានធូរស្រាលនឹងបានមកសម្រាកនៅបន្ទប់ធម្មតាវិញហើយ ៕