ដ្បិតសេដ្ឋកិច្ចមិនសូវល្អប្រសើរក្តី តែតារាចម្រៀង យក់ ឋិតរដ្ឋា និងស្វាមីមិនខ្លាចក្នុងការបោះទុនបង្កើតជំនួញថ្មីបន្ថែមពីលើជំនួញដែលកំពុងមានសព្វថ្ងៃ ដែលធ្វើឱ្យមិត្តភក្តិក្នុងនិងក្រៅសិល្បៈលាន់មាត់សរសើរគ្រប់គ្នា ។
មិនខុសពីមិត្តភក្តិរួមអាជីពដទៃឡើយ តារាចម្រៀង យក់ ឋិតរដ្ឋា ក៏មានជំនួញបន្ទាប់បន្សំនៅក្នុងដៃដែលមានដូចជាអចលទ្រព្យ និងការលក់គ្រឿងអលង្ការ ។ ប៉ុន្តែចុងក្រោយនេះមុខរបរអចលទ្រព្យហាក់នៅទ្រឹងបានធ្វើឱ្យតារាចម្រៀងរូបនេះងាកមកបោះទុនទៅលើផលិតផលសម្រស់វិញម្តង ។
មិនមែនលំៗទេ យក់ ឋិតរដ្ឋា និងស្វាមី គ្រោងបណ្តាក់ទុនប្រមាណជា២០ម៉ឺនដុល្លារឯណោះសម្រាប់មុខរបរថ្មីនេះដោយនាំផលិតផលសម្រស់ពីបរទេស ។ ជំនួញមួយនេះត្រៀមនឹងដំណើរការនៅក្នុងពេលឆាប់ៗនេះតែម្តង ។ មានការបន្ថែមថាមុននឹងបោះទុនរាប់ម៉ឺនដុល្លារបែបនេះប្តីប្រពន្ធ យក់ ឋិតរដ្ឋា បានសម្លឹងមើលទីផ្សារយ៉ាងច្បាស់លាស់ ។
តារាចម្រៀង យក់ ឋិតរដ្ឋា ដែលបានប្តូរឈ្មោះមកជា ស្រីនីន នោះកាន់តែឡើងកូដក្រោយពីមួយរយៈមុននាងមានបញ្ហារហូតដល់ថ្នាក់មិនមានប្រាក់ទិញទឹកដោះគោឱ្យកូន។ អ្វីដែលកត់សម្គាល់ក្រោយត្រៀមបើកជំនួញថ្មីគេសម្គាល់ឃើញ យក់ ឋិតរដ្ឋា និងស្វាមី តែងបង្ហាញសកម្មភាពថ្មីៗជាច្រើននៅក្នុងសិល្បៈ។
យ៉ាងណាមិញថ្មីៗនេះនាងនិងស្វាមីរួមទាំងកូនៗក៏លេចមុខនៅក្នុងការឃោសនាផលិត ផលទឹកដោះគោផងដែរ ។ ប្តីប្រពន្ធមួយគូនេះត្រូវបានគេចាត់ទុកថាជាក្រុមគ្រួសារតារាគំរូព្រោះលោក ឃុំ ប៊ុណ្ណាដែត តែងចេញមុខការពារភរិយាពីការប្រមាថនានាគួរឱ្យសរសើរ ៕