មានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រជាច្រើនដោយនៅក្នុងថ្ងៃទី ០៩ នេះតារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហាញវត្តមានជាលើកដំបូងក្រោយសម្រាលកូនទីពីរនៅក្នុងពិធីចុះកិច្ចសន្យាទូតសុឆ្ឆន្ទៈឱ្យផលិតផលមួយ ។ បើតាមការបង្ហើបប្រាប់ពីប្រភពជិតដិតបានឱ្យដឹងថាតម្លៃខ្លួនរបស់អ្នកម៉ាក់កូនពីរ ឱក សុគន្ធកញ្ញា ខ្ពស់មិនធម្មតាឡើយ ។
ដោយសារតែជាប់សម្រាលកូនទីពីរកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានខកខានក្នុងការកើបប្រាក់នៅតាមកម្មវិធីប្រគំតន្រ្តីនានានៅក្នុងរដូវក្តៅនេះរាប់ម៉ឺនដុល្លារឯណោះ ។ សូម្បីតែបទចម្រៀងសម្រាប់អបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរក៏អ្នកនាងមិនមានចេញដែរ ។ ប៉ុន្តែមិនមានអ្វីជាការខ្វល់ខ្វាយសម្រាប់តារាចម្រៀងរូបនេះទេបើទោះមិនបានកើបប្រាក់នៅក្នុងការចេញច្រៀងតាមកម្មវិធីប្រគំតន្រ្តីនានាក៏ពិតមែន ។
ប៉ុន្តែគ្រាន់តែចេញខែមិនទាន់ស្រួលបួលផង តារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហាញវត្តមាននៅក្នុងការឃោសនាផលិតផលឱ្យក្រុមហ៊ុនមួយក្នុងនាមជាអ្នកតំណាងភ្លាមៗដែលតាមការព្រលយប្រាប់ពីសំណាក់អ្នកជិតដិតបានឱ្យដឹងថាតម្លៃខ្លួនដែលអ្នកនាងទទួលបាននោះខ្ពស់គួរសម ។
តាមរយៈរូបភាពជាច្រើនសន្លឹកតារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហោះនៅក្នុងថ្ងៃទី ០៩នេះដោយរៀបរាប់ថាពិធីចុះកិច្ចព្រមព្រៀងជាផ្លូវការរបស់អ្នកនាងជាទូតសុឆ្ឆន្ទៈ។ជាមួយនឹងការចូលរួមរីករាយចំពោះការងារថ្មីរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ក៏មានហ្វេន ហ្វេន ជាច្រើនបានលាន់មាត់ថាអាយដលខ្លួនកើបលុយដុំៗតែម្តង ។
ទោះមានស្វាមីនិងមានកូនជាបន្តបន្ទាប់ក្តី តែតារាចម្រៀង ឱក សុគន្ធកញ្ញា នៅតែមានប្រជាប្រិយភាពមិនថមថយនោះទេ ហើយរហូតមកដល់សព្វថ្ងៃមិនទាន់មានជើងខ្លាំងណាអាចប្រជែងតំណែងអ្នកនាងបានដែរ ។ បើក្រឡេកមើលរូបសម្រស់នៅតែស្រស់ស្អាតស្ទើរមិនដឹងថាអ្នកនាងនៅសរសៃខ្ចីទើបសម្រាលកូនបានជាងមួយខែនោះឡើយ៕