ដោយឃើញការសម្តែងបទចម្រៀងរបស់តារាចម្រៀងមួយចំនួនសម្រាប់អបអរពិធីបុណ្យប្រពៃណីចូលឆ្នាំខ្មែរខាងមុខនេះមានការបង្ហាញនូវសកម្មភាពលេងកាំភ្លើងបាញ់ទឹកដែលជាវប្បធម៌របស់ប្រទេសថៃនៅតែមានជាបន្តបន្ទាប់បានធ្វើឱ្យកីឡាការិនីដែលមានឈ្មោះល្បីអ្នកនាង ស្រួង ភាវី លើកឡើងចំៗថាអ្នកនិពន្ធ អ្នកច្រៀងរួមនឹងអ្នកលក់សុទ្ធជាអ្នកដែលកម្ទេចវប្បធម៌ជាតិរបស់ខ្លួន...។
ខណៈតារាចម្រៀង ខេមរៈ សិរីមន្ត បានលុបចោលត្រង់ឈុតសម្តែងដែលមានបញ្ចូលកាំភ្លើងបាញ់ទឹកនៅក្នុងការសម្តែងបទចម្រៀងរបស់ខ្លួនដែលមានចំណងជើងថា«ឆ្នាំហ្នឹងសប្បាយខ្លាំង» ក្រោយទទួលរងការរិះគន់ពីសំណាក់មហាជនជាច្រើន ។ ស្រាប់តែបទចម្រៀងរបស់ មាស សុខសោភា ដែលមានចំណងជើងថា«តប់» ក៏មានការបញ្ចូលនូវការលេងកាំភ្លើងបាញ់ទឹកយ៉ាងរីករាយនៅក្នុងការសម្តែងបទចម្រៀងក៏កំពុងត្រូវបានអ្នកលេងបណ្តាញសង្គមរិះគន់ផងដែរ តែម្ចាស់បទចម្រៀងនៅរក្សាភាពស្ងប់ស្ងៀមនៅឡើយ ។
ដោយឃើញសកម្មភាពការបង្ហាញការលេងកាំភ្លើងបាញ់ទឹកនៅតែមានជាបន្តបន្ទាប់នៅក្នុងការសម្តែងរបស់តារាចម្រៀងដែលជាមនុស្សរបស់មហាជននោះបានធ្វើឱ្យកីឡាការិនីបុកប៊ីយ៉ាដែលមានឈ្មោះល្បី ស្រួង ភាវី បានសម្តែងការហួសចិត្តនឹងបានពោលពាក្យយ៉ាងស៊ីជម្រៅមួយនេះស្តាប់ហើយពិតជាមានអត្ថន័យតែម្តង ។
កីឡាការិនីរូបនេះបាននិយាយថា«អ្នកនិពន្ធអ្នកច្រៀងអំពីកាំភ្លើងបាញ់ទឹកអ្នកលក់អ្នកនិយមលេងកាំភ្លើងបាញ់ទឹកពួកគេកំពុងព្រួតដៃគ្នាបាញ់កម្ទេចប្រពៃណី វប្បធម៌ជាតិ ឱ្យរលាយរលត់ក្រោមស្នាដៃដ៏ស្មោកគ្រោករបស់ពួកគេ»។ចំពោះការបញ្ចេញទស្សនៈរបស់អ្នកនាង ស្រួង ភាវី ក៏ទទួលបានការពេញចិត្តនិងគាំទ្រពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើន ហើយរំពឹងថាតារាចម្រៀងល្បី ក៏ដូចជាអ្នកនិពន្ធនឹងងាកមកគិតគូរឡើងវិញចំពោះរឿងនេះ ៕