អ្នកលេងបណ្តាញសង្គមជាច្រើនកាន់តែបង្ហាញអារម្មណ៍ក្តុកក្តួលក្រោយឃើញការលើកឡើងរបស់អ្នកម្តាយ ឡុង លីសុង ថាអ្នកស្រីនឹងរៀបចំពិធីមង្គលការទៅតាមប្រពៃណីខ្មែរជូនវិញ្ញាណក្ខន្ធកូនប្រុសស្រីដែលបានបាត់បង់ជីវិតដោយសារខ្មាន់កាំភ្លើង ស្រី ស៊ីណា បានបាញ់ប្រហារកាលថ្ងៃទី ១៩ មិថុនា កន្លងទៅ ។
ជឿជាក់ថាមហាជនប្រហែលជាមិនទាន់ភ្លេចទេនូវសោកនាដកម្មដ៏សាហាវដែលបណ្តាលឱ្យគូដណ្តឹងប្រុសស្រីពីររូបដែលកៀកដល់ថ្ងៃរៀបការបានបាត់បង់ជីវិតដោយសារស្នាដៃរបស់ឃាតករ ស្រី ស៊ីណា ដែលជាអតីតឧកញ៉ាម្នាក់ ។មូលហេតុបណ្តាលឱ្យមានការបាញ់ប្រហារនេះ ដោយសារទំនាស់អ្នករស់នៅជិតខាងគ្នា ហើយពេលនេះដែរឃាតករក៏ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងពន្ធនាគាររង់ចាំការកាត់ទោសទៅតាមនិតិវិធីច្បាប់ ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ថ្មីៗម្តាយរបស់ ឡុង លីសុង ដែលមានឈ្មោះថា ជា អញ្ជលី បាននិយាយថា អ្នកស្រីនឹងរៀបចំពិធីមង្គលការទៅតាមគម្រោងដែលបានគ្រោងទុកនៅក្នុងខែតុលាខាងមុខនេះឱ្យកូនប្រុស ឡុង លីសុង និងគូណ្តឹងកញ្ចនា ។ អ្នកស្រីបានឱ្យដឹងថា «សូមកូនទាំងពីរកុំព្រួយទោះបីជាកូនទាំងពីរបានលាចាកលោកក្ដី ថ្ងៃទី២៨ ខែ១០ ចុងឆ្នាំនេះម៉ាក់ប៉ាទាំងសងខាងនិងរៀបចំពិធីមង្គលការជូនដួងវិញ្ញាណក្ខន្ធកូនទាំងពីរ»។
ជុំវិញការលើកឡើងរបស់អ្នកម្តាយ ឡុង លីសុង បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមកាន់តែមានអារម្មណ៍ក្តុកក្តួលហើយរំពឹងថាដួងវិញ្ញាណក្ខន្ធរបស់អ្នកទាំងពីរនឹងបានស្ងប់សុខ ជាពិសេសបានឃើញនូវអ្វីដែលក្រុមគ្រួសារបានរៀបចំពិធីសម្រាប់អ្នកទាំងពីរ ។ ខ្លះទៀតក៏ជូនពរឱ្យអ្នកទាំងពីរបានស្រឡាញ់គ្នានិងជួបគ្នានៅជាតិក្រោយកុំឱ្យអភ័ព្វដូចជាតិនេះ ។ គួរឱ្យដឹងថាសពរបស់ ឡុង លីសុង នឹងត្រូវកប់នៅក្នុងផ្នូរតែមួយជាមួយគូដណ្តឹងនៅខេត្តកំពតដែលជាស្រុកកំណើតរបស់ កញ្ចនា តែម្តង៕