ទោះមិនទាន់ដឹងពីពេលវេលាជាក់លាក់ដែលតារាចម្រៀង ឱក សុគន្ធកញ្ញា ចេញ Solo Concert ក្តី តែអ្នកគាំទ្រជាច្រើនសុទ្ធតែអន្ទះសារចង់ឃើញការវិលត្រឡប់មកសម្តែងនៅលើឆាកតន្រ្តីតែម្នាក់ឯងរបស់តារាចម្រៀងដែលមានឥទ្ធិពលរូបនេះ។ មិនថាអ្នកគាំទ្រជាអ្នកក្រៅសិល្បៈនោះទេសូម្បីតែតារាចម្រៀងមួយចំនួនសុទ្ធតែរង់ចាំការស្រែកហ៊ោជាមួយអ្នកម៉ាក់កូនពីររូបនេះ ។
ក្រោយកូនប្រុសទីពីររឹងដៃរឹងជើងស្របជារដូវវស្សាផងនោះតារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមីរួមទាំងកូនប្រុសទាំងពីរបានធ្វើដំណើរទៅកម្សាន្តរយៈពេលខ្លីនៅប្រទេសអូស្ត្រាលី។ស្របជាមួយគ្នានោះការប្រកាសវិលមកកាន់ឆាកតន្រ្តីតាមរយៈការប្រគំតន្រ្តី Solo Concert របស់តារាចម្រៀង ឱក សុគន្ធកញ្ញា ក៏នឹងត្រៀមលេចរូបរាងនៅក្នុងពេលឆាប់ៗក្រោយអ្នកនាងបានអាក់ខានកាន់ក្បាលមីក្រូប្រមាណជាងកន្លះឆ្នាំ ។
តាមរយៈការចូលរួមបញ្ចេញមតិរបស់អ្នកគាំទ្រគេជឿជាក់ថាតារាចម្រៀង ឱក សុគន្ធកញ្ញា នៅតែជាកំពូលតារានៅក្នុងប្រទេសហើយការប្រគំតន្រ្តី Solo Concert របស់អ្នកនាងនឹងទទួលជោគជ័យបើទោះអ្នកនាងមិនមានបទចម្រៀងផ្ទុះខ្លាំងនាពេលប៉ុន្មានខែចុងក្រោយនេះក៏ដោយ ។អ្វីដែលកត់សម្គាល់ពេលនេះតារាចម្រៀង ឱក សុគន្ធកញ្ញា ត្រៀមប្រឡូកពេញទំហឹងតាមរយៈការបង្ហាញវត្តមាននៅក្នុងឆាកតន្ត្រី Solo Concert និងការធ្វើគណកម្មាការនៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក។ ក្រៅពីនេះអ្នកនាងក៏ក្តោបបានតំណែងជាអ្នកតំណាងឱ្យផលិតផលមួយចំនួនដែរ ។
ខុសពីតារាដទៃទោះមានស្វាមីនិងមានកូនជាបន្តបន្ទាប់ដល់ទៅពីរនាក់ក្តី តែតារាចម្រៀង ឱក សុគន្ធកញ្ញា នៅតែមានសន្ទុះប្រជាប្រិយភាពខ្លាំងដដែល។ មួយវិញទៀតបើក្រឡេកមើល រូបសម្រស់នឹងការលេងស្ទីលតុបតែងខ្លួនក៏នៅតែស្រស់ស្អាតនិងទាក់ទាញជាងមុន។
មានការលាន់មាត់ពីសំណាក់អ្នកគាំទ្រថា បច្ចុប្បន្ន ឱក សុគន្ធកញ្ញា ស្រស់ស្អាតជាងកាលពីនៅលីវទៅទៀត។មួយវិញទៀតក្រោយក្លាយជាអ្នកម្តាយ ឱក សុគន្ធកញ្ញា ក៏តែងចេញមុខចែករំលែកចំណេះដឹងនៅក្នុងនាមជាអ្នកម្តាយសម័យថ្មីជូនដល់អ្នកម៉ាក់ផ្សេងៗទៀតផង៕