មហាជនជាច្រើនបានបង្ហាញការអាណិតអាសូរក្រោយពីបានស្តាប់រឿងរ៉ាវរបស់តារាកំប្លែងសម្បូរវោហាស៍ ស្រីខ្ញុង ដែលបានទម្លាយពីអតីតកាលដ៏ជូរចត់ដោយត្រូវគេចាប់រំលោភកាលពីវ័យក្មេង។ បន្ថែមពីនេះតារាកំប្លែង ខ្ញុង ក៏បានរៀបរាប់ពីដើមចមដែលធ្វើឱ្យជីវិតធ្លាក់ដល់ចំណុចសូន្យជំពាក់បំណុលជាច្រើនរហូតដល់បច្ចុប្បន្ន។
ធ្លាប់តែឃើញសើចសប្បាយជាមួយនឹងសម្តីញ៉ែតៗនៅក្នុងការសម្តែង តែបើក្រឡេកមើលជីវិតពិតរបស់តារាកំប្លែង ខ្ញុង ពិតជាគួរឱ្យអាណិតជាខ្លាំង ។ តួយ៉ាងថ្មីៗនេះ ខ្ញុង បានបង្ហាញវត្តមាននៅក្នុងកម្មវិធី « ស និងខ្មៅ»ជាមួយនឹងការរៀបរាប់រឿងខ្លះៗដល់មហាជននៅតាមបណ្តាញសង្គម ។ អ្វីដែលមិននឹកស្មានដល់ ខ្ញុង ដែលធ្លាប់ជាអតីតកម្មករសំណង់ជាមួយលោឪពុកបានឱ្យដឹងថានាងមានស្រុកកំណើតនៅគៀនស្វាយខេត្តកណ្តាល តែក្រោយមកបានផ្លាស់ទៅរស់នៅខេត្តសៀមរាបដោយសារឪពុកខ្មាស់គេព្រោះកាលនៅអាយុ ១៦ឆ្នាំ នាងត្រូវបានអ្នករស់នៅស្រុកភូមិជាមួយចាប់រំលោភ ។ប៉ុន្តែយ៉ាងណា ខ្ញុង ប្រាប់ថាកាលណោះនាងមិនសូវដឹងអ្វីទេពោលទុកឱ្យចាស់ៗជាអ្នកដោះស្រាយ ។តារាកំប្លែង ខ្ញុង បានត្រឡប់មករស់នៅភ្នំពេញក្រោយពីនាងបានចែកផ្លូវជាមួយស្វាមីនឹងបានបន្សល់កូនប្រុសមួយជាចំណងដៃ។
ជីវិតតារាកំប្លែង ខ្ញុង បានផ្លាស់ប្តូរក្រោយពីនាងបានក្លាយជាតារាកំប្លែងនៅក្នុងស្ថានីយទូរស្សន៍ស៊ីធីអិន តែគួរឱ្យស្តាយនៅក្នុងឆ្នាំ ២០២០ ខ្ញុង ក៏បានប្រកាសក្ស័យធនក្រោយពីបានធ្លាក់ខ្លួនជំពាក់បំណុលគេជាច្រើនដែលរហូតមកដល់សព្វថ្ងៃបំណុលទាំងនោះក៏មិនទាន់បានដោះ រួចរាល់នៅឡើយ។ ខ្ញុង ក៏បានទម្លាយពីមូលហេតុដែលធ្វើឱ្យជំពាក់បំណុលថាមិនមែនដោ យសារការហាយសូរជាមួយសម្ភារៈទំនើបៗទេគឺដោយសារការគ្រប់គ្រងហិរញ្ញវត្ថុរបស់នាងមិនបានល្អពោលនាងជាមនុស្សដៃទូលាយ មិនតែប៉ុណ្ណោះនាងបានយកលុយទៅចងការនិងលេងតុងទីនជាដើម ។ ខ្ញុង បានបដិសេធថា មិនមែនជំពាក់គេដោយសារលេងល្បែងដូចគេបាននិយាយកន្លងមកនោះទេ ។
ខ្ញុង បានបន្ថែមថាដោយសារទ័លច្រកជាមួយនឹងបំណុលជាច្រើនកន្លងមកនាងក៏ធ្លាប់បានសម្លាប់ខ្លួនដល់ទៅពីរដង តែមិនបានសម្រេច។ ដោយសារតែបំណុលជុំទិសបានធ្វើឱ្យជីវិតគ្រួសារតារាកំប្លែង ខ្ញុង និងនាយ កៃដ ហាក់មិនសូវមានភាពល្អូកដូចដៃគូផ្សេង ឡើយដោយនាងនិយាយថាមិនដែលឈ្លោះគ្នា តែក៏មិនត្រូវគ្នាពោលពេលខ្លះមួយខែទើបបានបាយជុំគ្នាម្តង ហើយ នាងក៏មានបំណងចង់ឱ្យប្តីទៅរកដៃគូថ្មីដែលមានសេចក្តីសុខជាងរស់នៅជាមួយរូបនាងទៀតផង ។ ការលើកឡើងជាសាធារណៈរបស់ តារាកំប្លែង ខ្ញុង បានធ្វើឱ្យមហាជនជាច្រើនមានការអាណិតអាសូរ និងបានផ្តល់កម្លាំងចិត្ដដល់រូបនាងជាច្រើន៕