header ads

Sponsor

ជឿជាក់ថាអ្នកលេងបណ្តាញសង្គមប្រាកដជាបានស្គាល់អ្នកផលិតមាតិកាដែលមានប្រជាប្រិយភាពម្នាក់គឺអ្នកនាង កន្និដ្ឋា ដែលតែងចែករំលែកពីរឿងរ៉ាវសំខាន់ៗនៅក្នុងសង្គមនាពេលកន្លងមក ។ ប៉ុន្តែយ៉ាងណាថ្មីៗនេះអ្នកលេងបណ្តាញសង្គមជាច្រើនបានបង្ហាញការវែកញែកក្រោយពី កន្និដ្ឋា បានបង្ហាញការមិនពេញចិត្តក្រោយឃើញព្រឹត្តិការណ៍ GUM BALL 3000 បានយករថយន្តទំនើបៗបង្ហាញនូវមុខប្រាសាទអង្គរវត្តដើម្បីបំបែកឯកទគ្គកម្មរថយន្តច្រើនជាងគេលើពិភពលោក។
គួរបញ្ជាក់ថាព្រឹត្តិការណ៍ GUM BALL 3000 បានបញ្ចប់ទៅដោយរលូនកាលពីថ្ងៃទី ១៧ កន្លងទៅដោយការនាំយករថយន្តទំនើបរបស់បុគ្គលល្បីៗចម្រុះជាតិសាសន៍ដែលមកពីបណ្តារប្រទេសនានាដាក់តាំងបង្ហាញនូវមុខប្រាសាទអង្គរវត្តដើម្បីជាការផ្សព្វផ្សាយប្រាសាទអង្គរវត្តឱ្យបរទេសស្គាល់កាន់តែច្រើន។ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីសំណាក់ក្រសួងទេសចរ ណ៍សហការជាមួយក្រុមហ៊ុនជីបម៉ុង រួមនឹងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតដែលមហាជនជាច្រើនគាំទ្រនិងយល់ថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលធ្វើឱ្យមានការចំណេញខ្លាំងដល់វិស័យទេសចរណ៍នៃប្រទេសកម្ពុជា ។ ប៉ុន្តែយ៉ាងណាអ្នកផលិតមាតិការដែលមានឈ្មោះល្បី កន្និដ្ឋា បែរជាបង្ហាញការមិនពេញចិត្តនឹងមានអារម្មណ៍ថាអណោចអធមខ្លាំងព្រោះ ជាការមិនគោរពដល់បុព្វបុរសខ្មែរហើយ អ្នកនាងយល់ថាមិនគួរយកប្រាសាទដែលជាកន្លែងគួរឱ្យគោរពទៅជាកន្លែងបង្អួតរថយន្តស័្ពរនោះឡើយ

អ្នកនាង កន្និដ្ឋា បានរៀបរាប់សំណេរយ៉ាងវែងដែលមានអត្ថន័យថា«អ្វីដែលខ្ញុំមិនគាំទ្រគឺការប្រើប្រាសាទអង្គរវត្ដយកមកធ្វើជាឆាកដើម្បីបង្ហាញរថយន្ដស្ព័រ ខ្ញុំគិតថាវាគឺជាការមិនគោរពទៅដល់បុព្វបុរសខ្មែររបស់យើងអង្គរវត្ដគឺជាប្រាសាទជាទីកន្លែងដ៏គួរឱ្យគោរព ដែលមិនមែនជាប្រដាប់ប្រដារសម្រាប់យកទៅបម្រើក្រុមម្ចាស់រថយន្ដស្ព័រទាំងអស់នោះទេនៅពេលដែលខ្ញុំបានឃើញឈុតអប្សរាទៅអោនលំទោនភ្ជាប់ខ្លួនជាមួយនឹងជនបរទេសទាំងនោះជាមួយនឹងឡានស្ព័រ គឺខ្ញុំមានអារម្មណ៍ថាអណោចអធ័មយ៉ាងខ្លាំងតើតម្លៃរបស់អប្សរាស្រីសួគ៍នៅឯណា?តើទំនៀមទំលាប់ប្រពៃណីខ្មែរយើងត្រូវបានគេប្រើជាសម្ភារៈសម្រាប់ម្ចាស់រថយន្ដស្ព័របរទេសបានដោយរបៀបយ៉ាងណានៅក្នុងឆ្នាំ២០២៤នេះ? បែបនេះគឺវាមិនបានបង្កើនតម្លៃវប្បធម៌របស់យើងនោះទេ ផ្ទុយមកវិញគឺវាបានបន្ទាបតម្លៃវប្បធម៌របស់យើងឱ្យធ្លាក់ចុះទៅវិញទេ 
វាគឺជាការយល់ខុសមួយ ដែលខ្មែរយើងខ្លះបានគិតថា ពួកម្ចាស់រថយន្ដស្ព័រទាំងនោះគឺជាជនល្បីល្បាញ ការពិតទៅនៅក្នុងសហរដ្ឋអាមេរិកគ្មានអ្នកណាខ្វល់ពីក្រុមពួកគេទាំងនោះផង
មនុស្សល្បីនៅទូទាំងពិភពលោកគឺមានច្រើនខ្លាំងណាស់ នេះគឺធម្មតាទេ ដូច្នេះយើងមិនគួរដាក់តម្លៃខ្ពស់ខ្លាំងពេកទៅក្រុមបែបអញ្ចឹងទេ វាជារឿងធម្មតាទេ មានក្រុមមនុស្សរថយន្ដស្ព័រច្រើនណាស់រាប់មិនអស់ពួកគេនៅជុំវិញពិភពលោក។

សូមបងប្អូនកុំយល់ច្រឡំថាខ្ញុំប្រឆាំងមិនឱ្យពួកគេមកលេងប្រទេសកម្ពុជា អ្នកណាមកអីមកទៅ ជិះឡានអីជិះទៅ ឆ្លងកាត់ប្រទេសយើងអីឆ្លងទៅ ចង់បរិច្ចាគលុយអីក៏ធ្វើទៅ ខ្ញុំគឺស្វាគមន៍ទាំងអស់ ប៉ុន្តែយើងគ្រាន់តែធ្វើធម្មតាទៅ ធ្វើធម្មតាៗដូចថៃ និងវៀតណាមបានធ្វើទៅ យើងគ្រាន់តែកុំប្រើប្រាសាទដ៏គួរឱ្យគោរពរបស់យើងធ្វើជាទីកន្លែងលេងសម្រាប់ក្រុមអ្នកមានជាសាធារណៈដើម្បីបង្អួតរថយន្ដរបស់ពួកគេ នេះគឺវាមិនសមរម្យនោះទេបងប្អូនត្រូវតែយល់ថា ខ្ញុំគឺគាំទ្រ ដែលកម្ពុជាចង់លើកកម្ពស់វិស័យទេសចរណ៍ តើអ្នកណាដែលថាមិនគាំទ្រនោះ ហើយខ្ញុំក៏ជាមនុស្សគាំទ្រអាជីវកម្ម ការរកស៊ីការរកលុយ គាំទ្រឱ្យមនុស្សរកប្រាក់ចំណេញ គាំទ្រឱ្យមនុស្សដែលមានលុយទិញរបស់ប្រណីតប្រើប្រាស់ នេះវាមិនមែនជាបញ្ហាទេ មនុស្សគឺសាកសមទិញឱ្យតែគេមានលុយ ឱ្យតែធ្វើឱ្យពួកគេសប្បាយចិត្ដប៉ុន្តែអ្វីដែលខ្ញុំមិនគាំទ្រនោះគឺវាមិនទាក់ទងជាមួយនឹងមនុស្សដែលគេមានលុយទិញរបស់ប្រណីតប្រើប្រាស់នោះទេ តែវាគឺទាក់ទងជាមួយនឹងយុទ្ធសាស្រ្ដរបស់យើងក្នុងការផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍របស់យើងទៅវិញទេ មនុស្សគ្រប់គ្នាគឺសុទ្ធតែមានទស្សនៈផ្ទាល់ខ្លួន ហើយនេះវាគឺជាទស្សនៈរបស់ខ្ញុំ វាមិនអីទេដែលពួកយើងមានទស្សនៈផ្ទុយគ្នា យើងមិនត្រូវការបង្ករជម្លោះនោះទេ ឯកភាពក៏ឯកភាព បើមិនឯកភាពក៏មិនជាអ្វី»។

គំនិតរបស់ កន្និដ្ឋា ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនបានចូលរួមបញ្ចេញមតិរៀងៗខ្លួន ដែលអ្នកខ្លះក៏បានពេញចិត្តហើយខ្លះទៀតមិនបានគាំទ្រដូចការចែករំលែកសព្វដងរបស់អ្នកនាង កន្និដ្ឋា ឡើយ។ ក្នុងនោះក៏មានការបញ្ចេញមតិជាបន្តបន្ទាប់ថា «កុំចិត្តចង្អៀតពេក ចិត្តចង្អៀតសម្រាប់តែមនុស្សកុមុយនីសទេ មនុស្សសេរីគេបើកចិត្តទូលំទូលាយណាស់»  «សំរាប់Idol គិតថាមិនល្អ តែសំរាប់ខ្ញុំគិតថាល្អវាអាចផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាទៅកាន់ពិភពលោកទោះបីបានតិចតួចក៏ដោយ វាបានបង្ហាញពីការខិតខំប្រឹងប្រែងដែរ» «50/50 សម័យនេះបុរាណសម័យដើរទន្ទឹមគ្នា»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post