Sponsor

ថ្មីៗនេះលោក អេកូ វ៉ាក់សង ដែលជាអ្នកដឹកនាំនៅក្នុងផលិតកម្មហង្សមាសបានចេញមុខនិយាយពីមូលហេតុខ្លះៗនៅពីក្រោយការស្ងប់ស្ងៀមរបស់លំដាប់រងទី៥ MGI ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅក្នុងរឿងចម្រូងចម្រាស់ដែលកំពុងតែក្តៅមួយនេះ ។


ដោយសារភាពស្ងប់ស្ងៀមរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានធ្វើឱ្យមហាជនដែលតាមដាននិងចូលចិត្តវិស័យប្រកួតសម្រស់រួមនឹងរៀមច្បងខ្លះបានចេញមុខរិះគន់ដល់រូបនាងជាច្រើន។ប៉ុន្តែយ៉ាងណាថ្មីៗនេះលោក អេកូ វ៉ាក់សង បានចេញមុខរៀបរាប់ថា ពេលនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី​កំពុងមានរងសម្ពាធផ្លូវចិត្តខ្លាំងហើយមូលហេតុដែលនាងមិនអាចនិយាយបានដោយសារតែពេលនេះនាងកំពុងជាប់កិច្ចសន្យានៅក្នុង MGI នៅឡើយ ។

ក្នុងនោះលោក​ អេកូ វ៉ាក់សង បញ្ជាក់ថា ពេជ្រ វត្តីសារ៉ាវឌ្ឍី​ បានចុះកិច្ចសន្យារយៈពេលបីឆ្នាំជាមួយស្ថាប័ន MGI មានន័យថានាងកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ MGI ប្រសិនបើនិយាយអ្វីខុសផេ្តសផ្តាសអាចមានបញ្ហាដល់ខ្លួនឬត្រូវគេប្តឹងថែមទៀត ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍លោក អេកូ វ៉ាក់សង បានបន្ថែមទៀតថាសព្វថ្ងៃការងារដែលទទួលបានមិនថាការងារនៅស្រុកខ្មែរឬស្រុកថៃ ពេជ្រ វត្តីសារ៉ាវឌ្ឍី ទទួលបានត្រឹមតែ៣៥ភាគរយប៉ុណ្ណោះសម្រាប់ ៦៥ភាគរយត្រូវកាត់ទៅឱ្យខាង MGI។

បើទោះមិនបានចេញសារនិយាយជាសាធារណៈចំពោះរឿងស្ថាប័ន MGI ក្តី តែ អ្នកដឹកនាំរូបនេះបាននិយាយថា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានជួយសម្រួលការងារច្រើននៅក្នុងរឿងនេះ ។ លោក អេកូ វ៉ាក់សង បានលើកជាសំណួរទៀតថាប្រសិនបើ ពេជ្រ វត្តីសារ៉ាវឌ្ឍី ចេញមកឡាយវីដេអូ វែកញែកហើយត្រូវស្ថាប័ន MGI ប្តឹងសងជំងឺចិត្តតើនរណាចេញមុខជួយគាត់ ? តាមពិត ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏មិនចង់ឱ្យលោកចេញមកនិយាយរឿងនេះដែរ តែដោយសារលោកមិនចង់ឱ្យមហាជនមានការយល់ច្រឡំទើបសម្រេចចិត្តចេញមកនិយាយទៅតាមអ្វីដែលខ្លួនមើលឃើញ ។ ជុំវិញការរៀបរាប់របស់លោក អេកូ វ៉ាក់សង បានធ្វើឱ្យ ហ្វេន ហ្វេន របស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី មានការអាណិតអាសូរជាខ្លាំងដោយសារពេលនេះអាយដលខ្លួនកំពុងរងសម្ពាធពី ភាគីខ្មែរ  និងភាគីសៀមផងដែរ៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor