ខណៈផ្ទុះរឿងលោក អ៊ិន សុភិន មានបំណងស្វះស្វែងរកបវរកញ្ញាថ្មីទៅប្រកួតMGI ជំនួស ប៊ី សុធារី និងចង់ទិញសិទ្ធMGC 2025 នោះស្រាប់តែពិធីករ សុខ រ៉ាស៊ី បានទម្លាយពីចំនួនទឹកប្រាក់ដែលលោក អ៊ិន សុភិន ជំពាក់លោក ព្រមទាំងលើកឡើងច្បាស់ៗថារយៈពេលបួនឆ្នាំហើយលោកមិនទាន់ទទួលបានប្រាក់១០០រៀលលុយខ្មែរពីកូនបំណុលលោក អ៊ិន សុភិន នោះឡើយ។
ជឿជាក់ថាអ្នកលេងបណ្តាញសង្គមពិតជាបានជ្រាបហើយថាកន្លងមកលោក សុខ រ៉ាស៊ី បានបើកបង្ហាញថាលោក អ៊ិន សុភិន បានជំពាក់ប្រាក់លោកដែលមកដល់ពេលនេះមានរយៈពេលប្រមាណជាបួនឆ្នាំហើយទឹកប្រាក់នោះមានចំនួន១៥០០០ ដុល្លារ។
រឿងក្តីនេះកំពុងស្ថិតនៅក្នុងដៃតុលាការដែលលោកបណ្តោយឱ្យចាត់ការទៅតាមនិតិវិធីច្បាប់ តែអ្វីដែលលោកងឿងឆ្ងល់គឺលោក ប្តឹងកូនបំណុលពីបទព្រហ្មទណ្ឌ តែតុលាការបានប្តូរមកជាបទរដ្ឋប្បវេណីទៅវិញ។ ពិធីកររូបនេះបានបន្ថែមថាទោះលោកបានបញ្ចុះលុយនៅសល់ត្រឹម ១០០០០ដុល្លារ តែកូនបំណុលលោក អ៊ិន សុភិន មិនបានសងលោកទេសូម្បី១០០រៀលលុយខ្មែរ ។«គាត់មានចេតនាទុច្ចរិតព្រោះមិនមែនជំពាក់ប្រាក់តែខ្ញុំទេសូម្បីតែក្រុមការងារអ្នកសិល្បៈ អ្នកថតរូប អ្នកបច្ចេកទេសរួមនឹងអ្នកសរសេររឿងគាត់ជំពាក់ទាំងអស់ »។
នេះជាការលើកឡើងរបស់លោក សុខ រ៉ាស៊ី ។
អ្វីដែលកត់សម្គាល់ក្រៅពីលោក អ៊ិន សុភិន កាលពីពេលថ្មីៗនេះពិធីករ សុខ រ៉ាស៊ី ក៏បានបង្ហាញ អតីតឧកញ៉ាវាយប្រពន្ធម្នាក់ជំពាក់ប្រាក់របស់លោកនៅតាមបណ្តាញសង្គមដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។មិនខុសពីអ្នកសិល្បៈដទៃឡើយក្រៅពីការងារសិល្បៈលោក សុខ រ៉ាស៊ី ក៏មានមុខរបរផ្ទាល់ខ្លួនដោយលោកមានទទួលសេរារៀបចំឆាកនៅតាមកម្មវិធីធំតូចនានា៕