ជានិច្ចកាលយើងខ្ញុំដែលជាអ្នកគាំទ្រ និងតាមដាន ក៍ដូចជាចែករំលែកបន្តនូវគណនីហ្វេសប៊ុក ដែលមានឈ្មោះថា Sandra Romdul នូវប្រធានបទផ្សេងៗ ដែលទាក់ទងនឹងសារអប់រំខ្លីៗ និងបែបកំប្លែងទាក់ទងយុវវ័យ តែដោយឡែកសម្រាប់រាត្រីនេះវិញ យើងខ្ញុំសូមចែករំលែកបន្តនូវអត្ថបទរបស់ Sandra Romdul ទាក់ទងនឹងវិស័យធំៗ ក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងវិញម្ដង ដូចច្នេះសូមអានខ្លឹមសារទាំងស្រុងខាងក្រោមនេះ ៖
👌ទាំងនេះ គឺជាការសង្កេតឃើញរបស់ខ្ញុំ ចំពោះ ការពង្រឹង លើវិស័យមួយចំនួន នៅក្នុងស្រុកខ្ញុំ នាពេលបច្ចុប្បន្ននេះ៖
•វិស័យអប់រំ: ខ្ញុំយល់ថា ការពង្រឹងលើវិស័យនេះ យើងទទួលបានលទ្ធផលជាទីគាប់ប្រសើរ ព្រោះការប្រលងមានសភាពតឹងរឹងជាងមុន អ្នកដែលបានរៀនដិតដល់ គឺច្បាស់ជាជាប់ ហើយក៏មានកម្មវិធីអាហារូបករណ៍ច្រើនហូរហែរ សម្រាប់សិស្សនិស្សិតគ្រប់ៗរូប ! សូមឲ្យមេដៃ2។
•ផ្នែកចរាចរណ៍: យើងអាចចាត់ទុកថាបានផ្លែផ្កា50% ព្រោះអ្នកបើកបរទាំងអស់ នាំគ្នាពាក់មួកសុវត្ថិភាពស្ទើរតែ 90% ហើយក៏នាំគ្នា គោរពច្បាប់ចរាចរណ៍ជាងមុន ទោះជាអ្នកបើកបរខ្លះ នៅតែមិនចោលចរិត"សុនខ"ពីកំណើត របស់ខ្លួន ក៏ដោយ។ •
ការសាងសង់ផ្លូវថ្នល់: អាចថាទៅមុខបានរលូនជាងមុន40% ទោះជាលូនៅតែស្ទះ ផ្លូវនៅតែខូចច្រើនដូចមុន ប៉ុន្តែការជួសជុលផ្លូវបច្ចុប្បន្ន មិនបានចំណាយពេល រាប់ពាន់ រាប់ម៉ឺនឆ្នាំ និងមិនបណ្តោយឲ្យផ្លូវចុះអ័ព្ទ ដូចភ្នំបូកគោពពកវិល ដូចពីដើមទេ។ •ផ្នែកសុខាភិបាល: ក៏ហាក់ដូចជាទៅមុខខ្លះៗដែរ ព្រោះមិនសូវមានពេទ្យ ដែលរើសអើងច្រើន ហើយមន្ទីរពេទ្យខ្លះ កាន់តែព្យាយាមយកចិត្តទុកដាក់ ចំពោះពលរដ្ឋក្រីក្រ ទោះជាពលរដ្ឋមួយចំនួន នៅតែមិនទាន់ជឿជាក់លើ គុណភាពពេទ្យស្រុកយើងក្តី។
•សន្តិសុខសង្គម: មានការថយចុះ ជាងឆ្នាំមុនៗ គួរឲ្យតក់ស្លុត។ ខ្ញុំចាំបានថា កាលពី2ឆ្នាំមុន ឲ្យតែមានករណីឆក់ប្លន់ គឺតែងតែមានការអន្តរាគមន៍ ពីសមត្ថកិច្ច ហើយភាគច្រើន គឺចាប់បានជនដៃដល់ភ្លាមៗ តែមួយរយៈចុងក្រោយនេះ ទាំងក្រុមចោរឆក់ប្លន់ ទាំងមេក្លោងថ្នាំញៀន ហាក់ដូចជាកំពុងបញ្ចេញសកម្មភាព យ៉ាងសប្បាយរីករាយ ចាត់ទុកសមត្ថកិច្ច ត្រឹមជាឆៃប៉ូវសម្រាប់កំដរភាពឯកា តែប៉ុណ្ណោះ។
•ប្រព័ន្ធតុលាការ: នៅតែលឺសូរការទួញយំ ក្នុងទំព័រហ្វេសប៊ុក សុំឲ្យថ្នាក់ដឹកនាំជួយរកយុត្តិធម៌ឲ្យដដែល។ ខ្ញុំសូមមិននិយាយឲ្យប៉ះពាល់ ដល់បុគ្គលណាម្នាក់ទេ តែខ្ញុំសោកស្តាយណាស់ ប្រសិនបើប្រព័ន្ធតុលាការស្រុកខ្ញុំ បន្តទៅមុខ ដោយប្រើជញ្ជីងថ្លឹងមាស យកមកថ្លឹងថ្លែងរឿងក្តីនោះ ព្រោះខ្ញុំមិនចង់ឲ្យពលរដ្ឋក្រីក្រ ដែលគ្មានមាស ក្លាយជាជនរងគ្រោះ នៅលើទឹកដីដូនតាដ៏ស្អាតស្អំ របស់ខ្មែរយើងនោះទេ។ ខ្ញុំតែងតែសង្ឃឹមថា បុគ្គលដែលមានអំណាចនិងស្អាតស្អំទាំងអស់ នឹងមិនឈរឱបដៃ បណ្តោយឲ្យប្រជាជនស្លូតត្រង់ ត្រូវរងទុក្ខ និងជួបរឿងអយុត្តិធម៌ តទៅទៀតនោះទេ។ ហើយខ្ញុំក៏សង្ឃឹមថា អ្នកដែលជាន់ឈ្លី លើភាពឈឺចាប់របស់ពលរដ្ឋស្លូតត្រង់ និងរួមដៃសាងភាពអយុត្តិធម៌ទាំងឡាយ នឹងទូលរែកយកកម្មពៀរទាំងអម្បាលមាណ របស់ខ្លួន ធ្វើដំណើរកម្សាន្ត ទៅកាន់នរកអវចី គ្រប់7ជាន់ ដោយសប្បាយរីករាយចុះ។
ចំណុចខាងលើនេះ គ្រាន់តែជាជ្រុងតូចមួយ នៃការមើលឃើញរបស់ខ្ញុំប៉ុណ្ណោះ។ វាអាចត្រូវខ្លះ និងខុសខ្លះ ត្រូវច្រើន រឺខុសច្រើន។ បងប្អូនខ្លះអានរួចក៏ពេញចិត្ត ហើយបងប្អូនខ្លះអានរួច ក៏គុំគួន ចង់ដេញទាត់ខ្ញុំ ជាដើម។ តែខ្ញុំនៅតែចង់និយាយវាចេញមក ព្រោះខ្ញុំក៏ជាម្ចាស់លើទឹកដីនេះដែរ ដូច្នេះខ្ញុំចង់ឃើញទឹកដីមួយនេះ កាន់តែស្រស់បំព្រង សម្រាប់បងប្អូនខ្មែរទាំងអស់គ្នា ❤ ត្រូវនាំគ្នាសាងអំពើល្អ ទាំងអស់គ្នា ❤ ហើយអ្នកដែលសាងអំពើអាក្រក់ទាំងឡាយ កុំភ្លេចរៀបចំខ្លួន ទៅចុះនរកទាំងក្រុមផង។ សូមអរគុណ និងសូមអភ័យទោស ចំពោះពាក្យពេចន៍ឆ្គាំឆ្គង ត្រង់ចំណុចណាមួយនោះ 🤗🤗🤗 រាត្រីសួស្តី ❤
