
រាជធានីភ្នំពេញ៖ ក្រោយពេលមានព័ត៌មានមកថា អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានមានបំណងពិភាក្សាជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយផ្ទាល់ដើម្បីពិភាក្សាទាក់ទងនឹងការស្នើសុំកាត់បន្ថយផែនការ មិនឲ្យនាំចូលរថយន្តជជុះ មកកាន់កម្ពុជាតទៅទៀត ប៉ុន្តែជំរុញលើកទឹកចិត្តឲ្យមានការនាំចូលរថយន្តថ្មីៗមកជំនួសវិញនោះ មុននេះសម្ដេចតេជោ ហ៊ុន សែន បានប្រកាន់ជំហរថា មិនឯកភាពជាមួយសំណើនេះ។
កាលពីប៉ុន្មាននាទីមុននេះ លោកនាយករដ្ឋមន្ត្រីបានបង្ហាញគោលជំហររបស់ខ្លួន នៅលើ Page Facebook ថា "ពីម្សិលមិញមានការលើកឡើងនូវគំនិតដែលចង់ស្នើឱយរាជរដ្ឋាភិបាលបញ្ឈប់ការនាំចូល រថយន្តប្រើប្រាស់រួចឬហៅថា រថយន្តជជុះ(second hand)។ បន្ទាប់ពីទទួលព័ត៌មាននេះបងប្អូនប្រជាជនយើងមួយចំនួនបាន បង្ហាញពីការព្រួយបារម្ភ លើវិធានការនេះ។
ក្នុងតួនាទីខ្ញុំជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមគូសបញ្ជាក់ជូនជនរួមជាតិថា ខ្ញុំមិនយល់ស្របជាមួយសំណើបែបនេះទេ។ សូមបងប្អូនខិតខំរកប្រាក់ទិញរថយន្តជិះ តែសូមមេត្តាកុំនាំចូលរថយន្តចង្កូតស្តាំ និងសូមគោរពច្បាប់ចរាចរដើម្បីសុវត្ថិភាពទាំងអស់គ្នា"៕
ផ្តល់សិទ្ធិដោយ៖KQUBE

