
តាកែវ៖ អង្គុយត្បោងក្បាលជង្គង់ ដៃច្រត់ចង្កាភ្នែកសម្លឹងមើលទៅមុខប្តីដែលកំពុងព្យួរសេរ៉ូម ស្ថិតក្នុងទឹកមុខខ្មៅប៉ែ ដៃនិងជើងខាងឆ្វេងមិនអាចកម្រើកបានតទៅទៀត ព្រោះគ្រូពេទ្យប្រាប់ថា គាត់ត្រូវស្លាប់មួយចំហៀងខ្លួន សរសៃឈាមខួរក្បាលរបស់គាត់បានដាច់ ហើយឈាមបានហូរចូល ក្នុងខួរក្បាលហើយដែរ ដោយសារបង្កមកពីជំងឺលើសឈាម។
គ្រូពេទ្យបង្អែកខេត្តតាកែវ បានប្រាប់ថា ត្រូវបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យកាល់ម៉ែត្រ នៅឯរាជធានីភ្នំពេញ ព្រោះពេទ្យខេត្តមិនហ៊ានអះអាងរក្សាជីវិត បុរសកម្សត់ម្នាក់នេះឡើយ។
នេះបើយោងតាមសម្តីរបស់ស្តីជាប្រពន្ធថ្លែងប្រាប់អ្នកសាព័ត៌មានគេហទំព័រ Kqube.net នៅយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦នេះ។ស្រ្តីជាភរិយារបស់អ្នកជំងឺឈ្មោះ ងន ចឹម រស់នៅស្រុកឈូក ខេត្តកំពត បានបន្តថា ប្តីរបស់គាត់ មិនដែលឈឺអ្វីធ្ងន់ធ្ងរនោះទេ ដោយនៅល្ងាចថ្ងៃទី១០ ខែធ្នូ ម៉ោងប្រមាណជាង៥ អ្នកស្រី និងប្តី បានឡើងពីស្រែបន្ទាប់ច្រូតកាត់រួច ហើយនាំគ្នាចុះងួតទឹកប្រឡាយ ពេលដែលងើបចេញពីក្នុងទីកប្តីរបស់អ្នកស្រី មានអាការៈញ័រជើង អ្នកស្រីក៏បានស្រែកសួរថា “ម៉េចធ្វើជើងចឹងធ្វើអី ម៉េចមិនដើរមកមុខ”!!
ពេលនោះប្តីរបស់អ្នកស្រីដើរបានប្រមាណជា៥ ជំហានក៏ស្រាប់តែដួល សន្លប់បាត់ស្មារតី ក្រុមគ្រួសារក៏បានបញ្ជូនមកកាន់មន្ទីរពេទ្យ បង្អែកស្រុកឈូក រួចក៏បញ្ជូនបន្តមកកាន់មន្ទីរពេទ្យបង្អែកខេត្តតាកែវ ដោយសរុបតម្លៃទាំងថ្លៃសេវាព្យាបាល និងថ្លៃដឹកជញ្ចូន អ្នកក្រដូចគាត់ត្រូវចំណាយអស់ប្រមាណ៧០ ទៅ៨០ម៉ឺនរៀល។ បន្ទាប់ពីបានត្រួតពិនិត្យ គ្រូពេទ្យប្រាប់ គាត់បានដាច់សរសៃឈាម ខួរក្បាលមួយចំហៀង ត្រូវបញ្ជូនបន្ទាន់មកកាន់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ ព្រោះគ្រូពេទ្យអស់សមត្ថភាពក្នុងការព្យាបាល។ ដោយសារជីវភាពក្រីក្រ មិនអាចបញ្ជូនបន្តទៅកាន់ រាជធានីភ្នំពេញបាន អ្នកស្រីនិយាយទាំងអស់សង្ឃឹម ថា មានតែត្រឡប់ទៅផ្ទះវិញ បណ្ដោយទៅតាមព្រេងវាសនា។
រហូតមកទល់ព្រឹកថ្ងៃទី១១ ខែធ្នូនេះ ក្រុមគ្រួសារបានបញ្ជូនអ្នកជំងឺត្រឡប់ទៅផ្ទះវិញទាំងអស់សង្ឃឹម ហើយក្តីសង្ឃឹមទាំងប៉ុន្មានលើគ្រូពេទ្យ ត្រូវរលាយអស់ត្រឹមពាក្យសម្តីដែលគ្រូពេទ្យប្រាប់ថា មន្ទីរពេទ្យខេត្តគ្មានលទ្ធភាពជួយបាន៕

ផ្ដល់សិទ្ធិដោយ៖KQUBE