
សិល្បៈ ៖ ក្នុងឆ្នាំ២០១៦នេះតារាចម្រៀងរបស់ផលិតកម្ម សាន់ដេ កញ្ញា សុខ ពិសី បានចេញបទចម្រៀងតែជាងដប់បទនៅលើទីផ្សារទេ ប៉ុន្តែប្រជាប្រិយភាពរបស់នាងបានហក់ឡើងខ្លាំងជាងឆ្នាំចាស់ ពោលគឺក្រោយពេលដែល MV បទចម្រៀងរបស់កញ្ញាត្រូវបានផលិតឡើងពង្រឹងយកគុណភាព ក៏ដូចជាការចាប់ដៃគូសម្ដែងជាមួយលោក ខេមរៈ សេរីមន្ត ដែលជាកំពូលតារាចម្រៀងក្នុងបេះដូងយុវវ័យផងដែរ។
បញ្ជាក់ប្រាប់លោក តាន់ ចន្ថា អ្នកផលិតព័ត៌មាន Kqube.net មុននេះបន្តិច សុខ ពិសី ប្រាប់ថា ការងារសិល្បៈនៅក្នុងឆ្នាំនេះនាងមិនអាចកំណាត់បានថាជោគជ័យកម្រិតណាបានទេ ដោយគ្រាន់តែដឹងថា ការងារសិល្បៈឆ្នាំនេះទទួលបានផលល្អប្រសើរជាងឆ្នាំមុន ព្រោះបទចម្រៀងរបស់នាងទាំងជាងដប់ ដែលបានចេញលក់នៅលើទីផ្សារគឺទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនដូចគ្នា ជាពិសេសគឺសម្រាប់ក្រុមយុវវ័យតែម្ដង។ កញ្ញាបន្តថា បើគិតពីចំនួនបទចម្រៀងចេញលក់ក្នុងឆ្នាំនេះគឺប្រហាក់ប្រហែលនឹងឆ្នាំទៅដែរ ប៉ុន្តែសម្រាប់ MV បទចម្រៀងរបស់នាងក្នុងឆ្នាំនេះ គឺមានការផលិតឡើងសម្រិតសម្រាំងយកគុណល្អ ពោលគឺទាំងបទរបស់នាងផ្ទាល់ ក៏ដូចការសម្ដែងបទរបស់លោក ខេមរៈ សេរីមន្ត ផងដែរ។
សុខ ពិសី បន្តថា ការផ្ចិតផ្ចង់ផលិត MV ឲ្យបានល្អនេះហើយ ដែលធ្វើឲ្យទស្សនិកជនគាត់ចូលចិត្តទស្សនា និងគាំទ្រនាងខ្លាំងជាងឆ្នាំមុន។ តារាសាច់សខ្ចីរូបនេះបន្តថា បន្ទាប់ពីបានឃើញលទ្ធផល MV ក្នុងឆ្នាំនេះទទួលបានជោគជ័យខ្លាំង នៅឆ្នាំថ្មី២០១៧ នាងក៏មានគម្រោងផលិត MV ថ្មីៗសម្រាប់ចែកជូនអ្នកគាំទ្រជាច្រើនទៀតផងដែរ ប៉ុន្តែនាងសុំមិនទាន់បញ្ជាក់ទេ គឺរង់ចាំបញ្ចេញមកពញ្ញាក់អារម្មណ៍អ្នកគាំទ្រតែម្ដង៕



ផ្តល់សិទ្ធិដោយ៖KQUBE