ខេត្តកំពង់ឆ្នាំង៖ នាពេលថ្មីៗនេះនៅលើផ្ទៃទន្លេសាប ក្នុងតំបន់ឆ្នុកទ្រូ ស្រុកបរិបូរណ៍ នៃខេត្តកំពង់ឆ្នាំង សាលារៀនថ្មីមួយទៀត របស់សហគមន៍វៀតណាម បានកើតជារូបរាងឡើង និងត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ កាលពីថ្ងៃទី៦ធ្នូ២០១៦កន្លងទៅនេះ ក្រោមការទំនុកបំរុង ពីសំណាក់ក្រុងហូជីមិញ ស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា និងសមាគមជនកម្ពុជាមានដើមកំណើតវៀតណាម ប្រចាំក្នុងខេត្តមួយនេះ ដែលមានជនជាតិវៀតណាមរស់នៅ មិនតិចជាង១០ ០០០នាក់។ នេះបើតាមការផ្សាយឲ្យដឹង របស់ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់វៀតណាម ឈ្មោះ (VNA)ពីក្រុងហូជីមិញ។
បើយោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការ របស់ប្រទេសកុម្មុយនីសវៀតណាម ឈ្មោះ (VNA) បានអះអាងថា គ្រឹះស្ថានសិក្សាថ្មី មានលទ្ធភាពទទួលកុមារៗ បានរហូតដល់ទៅជិត ២០០នាក់ ពីសំណាក់ជនជាតិវៀតណាមរស់នៅឯក្រៅប្រទេស (ភាសាវៀតណាមហៅ) (Viet kieu) ដែលមានចំនួនយ៉ាងហោច ៦០០គ្រួសារ និងដែលកំពុងរស់ក្នុងតំបន់ឆ្នុកទ្រូ ស្រុកបរិបូរណ៍ នៃខេត្តកំពង់ឆ្នាំង។
ប្រភពបានបន្តថា សាលារៀននេះនឹងជួយក្មេងៗជនជាតិវៀតណាម ដែលមានដើមកំណើតវៀតណាម និងរស់នៅឯបរទេស ហើយមានភាពពិបាក ក្នុងការស្វែងរកសាលារៀន នៅក្នុងកន្លែងដែលពួកគេកំពុងរស់នៅ ឲ្យពួកគេយល់ អំពើដើមកំណើតរបស់ពួកគេ និងជួយទំនុកបំរុងពួកគេ ឲ្យក្លាយជា (ពលរដ្ឋល្អរបស់ខ្លួន) នៅក្នុងសង្គមរបស់ខ្លួន។ នេះបើតាមការថ្លែងអះអាង របស់លោក (Nguyen Manh Cuong) ទទួលបន្ទុកសហគមន៍ របស់ស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា ដែលបានថ្លែងនៅក្នុងពិធីសម្ពោធ បើកឲ្យប្រើប្រាស់នូវសាលារៀនខាងលើនេះ មុននឹងធ្វើការចែកអំណោយ ទៅឲ្យក្មេងៗនៅទីនោះ ប្រមាណជា១៤០នាក់។
អំណោយទាំងនេះគឺក្រុងហូជីមិញ ជាអ្នកចំណាយទឹកប្រាក់ ចំនួន ៣៦០០០ដុល្លារ ក្នុងការសាងសង់សាលារៀននេះឡើង។ លោក (Le Thi Tham) សាស្ត្រាចារ្យដើមកំណើតវៀតណាមមួយរូប បានថ្លែងនៅក្នុងឱកាសដដែលនោះថា អរគុណទៅដល់ក្រុងហូជីមិញ និងស្ថានទូតវៀតណាម ព្រមទាំងបានសន្យាថា លោកនឹងព្យាយាមផ្ទេរចំណេះដឹង របស់លោក ដែលមានទាំងប៉ុន្មាន ទៅឲ្យក្មេងៗទាំងនោះ ដើម្បីឲ្យក្លាយជា (ពលរដ្ឋល្អរបស់ប្រទេសខ្លួន)។
បើយោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការ (VNA) បានរាយការណ៏បន្ថែមថា ក្នុងខេត្តកំពង់ឆ្នាំង នៃប្រទេសកម្ពុជានេះ មានជនជាតិវៀតណាមរស់នៅជាច្រើន មិនតិចជាងមួយម៉ឺននាក់ឡើយ ហើយភាគច្រើនពីក្នុងចំណោមនោះ ប្រកបមុខរបរ ជាអ្នកនេសាទ៕



ផ្ដល់សិទ្ធិដោយ៖VD7News.com
