
ខេត្តកំពង់ស្ពឺ៖ កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២៧ ធ្នូ ២០១៦ នេះ នៅចំណុចភូមិពាមឃ្លៃ ឃុំទំព័រមាសស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ដោយមានការភ្ញាក់ផ្អើលមួយកើតឡើង បន្ទាប់ពីកូនប្រុសមកពីសារមងវិញ ឃើញម្តាយដេកស្លាប់ក្នុងថ្លុកឈាមព្រមទាំងមានចបជីកប្រឡាក់ឈាមនៅក្បែរសពទៀតផង។
យោងតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះយិន ថា អាយុ៤៨ឆ្នាំ មុខរបរលក់នំចៀន មានកូន៧នាក់ រស់នៅជាមួយជីដូន ចំណែកប្តីវិកលចរិតដើរមិនដែលចូលផ្ទះ ។
តាមការរៀបរបពីកូនប្រុសឈ្មោះ មករា អាយុ៩ឆ្នាំ ដែលឃើញមុនគេ បានអោយដឹងថា ពេលរូបគេត្រឡប់មកពីសារមងវិញ ស្រែកហៅម្តាយ ក្នុងគោលបំណងអោយត្រី តែមិនលឺឆ្លើយ ក៏បានរុញទ្វារចូលទៅរកមើល ស្រាប់តែឃើញម្តាយដេកស្លាប់ក្នុងថ្លុកឈាមដោយមានចបជីកនៅក្បែរនោះ១ទៀតផង។ គ្រាន់តែឃើញម្តាយស្លាប់រូបគេបានស្រែកយ៉ាងខ្លាំងលឺដល់អ្នកភូមិមកចោមរោមមើលនិងរាយការណ៍អោយសមត្ថកិច្ចចុះមកពិនិត្យ។
ក្រោយពិនិត្យចប់សមត្ថកិច្ចបានរកឃើញថា ស្ត្រីរងគ្រោះស្លាប់ដោយអំពើឃាតកម្មមិនមានពាក់ព័ន្ឋនឹងករណីផ្សេងឡើយ។ នៅក្បែរសព សមត្ថកិច្ចរកឃើញចបជីក១ប្រឡាក់ឈាម និងមានស្នាមកាយដីក្បែរជញ្ជាំងផ្ទះសំរាប់លូនចូលទៀតផង។ នៅលើខ្លួនសពមានស្នាមបែកក្បាលដ៏ធំផងដែរ។ សមត្ថកិច្ចសន្និដ្ឋានថា ស្រ្តីរងគ្រោះអាចត្រូវឃាតកសម្លាប់ដោយរឿងគំនំុអ្វីមួយ ។ សមត្ថកិច្ចបានប្រគល់សពអោយក្រុមគ្រួសារទទួលយកធ្វើបុណ្យតាមប្រពៃណី ខណៈសមត្ថកិច្ចជំនាញកំពុងដុតដៃជើងតាមស្រាវជ្រាវរកជនដៃដល់ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។
សូមបញ្ជាក់ថា កូនៗរបស់ស្ត្រីរងគ្រោះមិនបានរស់នៅជាមួយម្តាយឡើយ គឺទៅរស់នៅជាមួយជីដូនដែលមានផ្ទះក្នុងភូមិជាមួយគ្នា ចំណែកស្ត្រីរងគ្រោះរស់នៅតែម្នាក់ឯងអំឡុងពេលប្តីវក់ដើរ មិនចូលផ្ទះអស់រយៈពេលច្រើនខែមកហើយ ៕

ផ្ដល់សិទ្ធិដោយ៖VD7News.com