
ប្រទេសកូរ៉េ៖ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅសាធារណរដ្ឋកូរ៉េប្រមាណជា ៨០០នាក់ នៅទីក្រុងអ៊ឺយចុងប៊ូ និងទីក្រុងស៊ូវ៉ុន បានយំអួលដើម ក និងស្រក់ទឹកភ្នែកស្ទើរតែដឹងខ្លួននៅក្នុងកម្មវិធី "អប់រំសីលធម៌ព្រះពុទ្ធសាសនា និងពិធីគោរពគុណមាតាបិតា" ដែលបានធ្វើឡើងកាលពីថ្ងៃទី២៤-២៥ ខែធ្នូ ឆ្នាំ២០១៦ ដែលថ្ងៃចំពេលដែលប្រទេសក្នុងតំបន់អឺរ៉ុប ប្រារព្ធបុណ្យណូអែល។
អារម្មណ៍ក្ដុកក្ដួល យំអួលដើមកព្រមទាំងស្រណោះខ្លួននេះ បានកើតឡើងក្រោយពីបានស្តាប់ធម៌និងការអប់រំផ្លូវចិត្តដែលសម្តែងដោយព្រះសិរីកោសល្យ សុំ សុខា ព្រះតេជគុណ សុក សុភាព ព្រះតេជគុណ ពៅ សុភ័ភ្រ្ភ និងព្រះគុណម្ចាស់ រិន សារ៉ូ ដល់ពួកគេឲ្យកាន់តែជ្រួតជ្រាបពីគុណមាតាបិតាទាំងទ្វេនិងការប្រព្រឹត្តតែអំពើល្អនៅក្នុងសង្គម ជាមួយនឹងសាមគ្គីភាពនៃប្រជាជាតិតែមួយ ស្របពេលពេលដែលពួកគេបានឃ្លាតឆ្ងាយពីមាតុប្រទេស ជាពិសេសលោកឪពុកម្ដាយស្រឡាញ់ ដើម្បីមកបំពេញភារកិច្ចជួយរកថវិកាទ្រទ្រង់ជីវភាពគ្រួសារ។
សូមបញ្ជាក់ថា កម្មវិធី "អប់រំសីលធម៌ព្រះពុទ្ធសាសនា និងពិធីគោរពគុណមាតាបិតា" បានរៀបចំឡើងដោយស្ថានឯកអគ្គរាជទូតកម្ពុជា និងគណៈកម្មាធិការបណ្ដុះបណ្ដាល និងបញ្ជូនពលករទៅបរទេស នៃក្រសួងការងារ សហការជាមួយសហគមន៍កម្ពុជាស្ម័គ្រចិត្តអឺយចុងប៊ូ និងពុទ្ធិកសមាគមកម្ពុជរដ្ឋនិងមានការចូលរួមពីសំណាក់សមាជិកសភាជាតិកូរ៉េ អភិបាលក្រុងស៊ូវ៉ុន និងប្រធានមជ្ឈមណ្ឌលព្រះពុទ្ធសាសនាទីក្រុងស៊ូវ៉ុនផងដែរ៕








ផ្តល់សិទ្ធិដោយ៖KQUBE