សិល្បៈ ៖ លោក សែម វិសាល គឺជាតារាសម្ដែងក្បាច់គុន និងជាចាងហ្វាងផលិតកម្ម Wonderfilm Cambodia ដែលតែងបង្ហាញការចាប់អារម្មណ៍ចំពោះសិល្បៈបុរាណ ដែលជាសម្បត្តិវប្បធម៌ជាតិ ព្រោះខ្សែភាពយន្តរបស់លោកផលិតឡើងតែងគាស់កកាយនូវសិល្បៈបុរាណៗមកសម្ដែងឲ្យកូនខ្មែរជំនាន់ក្រោយបានឃើញ។យ៉ាងណាមិញពេលនេះលោកក៏បានចំណាយថវិកាផ្ទាល់ខ្លួនផលិតជាវីដេអូឯកសារ ល្ខោនខោល ដើម្បីជំរុញឲ្យកូនខ្មែរកាន់តែបានស្គាល់ច្បាស់ពីប្រវត្តិ ល្ខោនខោល ហើយការខិតខំនេះលោកចង់ឲ្យកូនខ្មែរម្នាក់ៗជួយ Share វីដេអូនេះនៅលើហ្វេសប៊ុកបានម្ដង គឺជាការគាំទ្រសិល្បៈវប្បធម៌ជាតិខ្លួនដូច្នោះដែរ។
លោក សែម វិសាល បន្តថា មកដល់ពេលនេះគម្រោងផលិតវីដេអូឯកសារ ល្ខោនខោល ដែលលោកបានសហការជាមួយអ្នកសម្ដែងមកពីសាលាវិចិត្រសិល្បៈ លោកបានចុះថតនៅខេត្តកំពង់ចាមមានរយៈពេលបីថ្ងៃមកហើយ ហើយពេលនេះក៏ថតបានប្រមាណពី៨០ទៅ៩០ ភាគរយហើយដែរ នៅតែការកាត់តតែប៉ុណ្ណោះ។
ផលិតករវ័យក្មេងរូបនេះបន្តថា តាមគម្រោងវីដេអូ ល្ខោនខោល នេះ លោកត្រូវផលិតឲ្យស្រេចមួយរយភាគរយនៅក្នុងខែធ្នូនេះ ដើម្បីដាក់ផ្សព្វផ្សាយឲ្យកូនខ្មែរទាំងក្នុង និងក្រៅស្រុកបានទស្សនា និងជួយផ្សព្វផ្សាយបន្ត។
ផលិតកររូបនេះបញ្ជាក់ថា ការចំណាយសម្រាប់ការផលិតវីដេអូឯកសារនេះ គ្រាន់តែក្រុមការងាររបស់លោកចុះស្រាវជ្រាវ និងចុះថតរយៈពេលបីថ្ងៃបានចំណាយទឹកប្រាក់អស់ជិតប្រាំពាន់ដុល្លារ ដោយឡែកបើគិតទាំងតម្លៃឈ្នួលផលិតវិញនោះ គឺមិនក្រោមមួយម៉ឺនដុល្លារទេ ព្រោះវីដេអូនេះលោកប្រើបច្ចេកទេសខ្ពស់ និងកាមេរ៉ាទំនើបស៊េរីចុងក្រោយបំផុត ដូច្នេះហើយបើធៀបនឹងការផលិតស្ប៉តពាណិជ្ជកម្មប្រភេទនេះ គឺតម្លៃមិនក្រោមមួយម៉ឺនដុល្លារនោះទេ។
បញ្ជាក់ប្រាប់ពីគោលបំណងលោក សែម វិសាល បានប្រាប់ថា ការផលិតវីដេអូនេះលោកមិនបានទទួលផលចំណេញអ្វីពីការងារនេះទេ ប៉ុន្តែដោយសារការស្រឡាញ់សម្បត្តិសិល្បៈវប្បធម៌ជាតិ ចង់ឲ្យកូនខ្មែរជំនាន់ក្រោយ និងបរទេសបានស្គាល់កាន់តែច្បាស់ពីប្រវត្តិ ល្ខោនខោល របស់ខ្មែរ ដែលប្រទេសជិតខាងគេកំពុងចង់បានជារបស់គេ គឺមិនអាចទៅរួចឡើយ បើសិនខ្មែរយើងគ្រប់រូបស្រឡាញ់ និងបង្ហាញពីជំហរគាំទ្រសិល្បៈមួយនេះ ដូច្នេះហើយលោកចង់និយាយថា បើកូនខ្មែរម្នាក់ជួយ Share វីដេអូ ល្ខោនខោល ដែលលោកខិតខំផលិតឡើងបានម្ដង នោះហើយជាការគាំទ្រវប្បធម៌ជាតិរបស់ខ្លួន៕
ផ្ដល់សិទ្ធិដោយ៖KQUBE

