
ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង២៣និង៣០នាទីថ្ងៃទី១០មករា២០១៧នេះ នៅចំណុចភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ២៤-២៥ មានរថយន្តបុកម៉ូតូ បណ្ដាលឲ្យស្លាប់០៣នាក់ប្រុសនៅកន្លែងកើតហេតុ ខូចខាតរថយន្ត០១គ្រឿង និងម៉ូតូ០១គ្រឿងទាំងស្រុង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ មានរថយន្ត០១គ្រឿងម៉ាក បិឡាញ ពណ៌ស ពាក់ផ្លាកលេខ កំពង់សោម3A-1203 (របស់ក្រុមហ៊ុនហុងលីហួ)បេីកបរដោយឈ្មោះកួន វិចិត្ត ភេទប្រុស អាយុ៤២ រស់នៅភូមិរ៉ា សង្កាត់លេខ២ ខេត្តព្រះសីហនុ រួមដំណើរដោយឈ្មោះមុំ វលក្ខ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិតាពៅ ឃុំតាពៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបេីកបរមកពីទិសខាងកើតទៅទិសខាងលិច (ភ្នំពេញ-ក្រុងព្រះសីហនុ) លុះដល់ចំណុចខាងលើ បានវ៉ាជែងជ្រុលទៅបុកម៉ូតូ០១គឿង ម៉ាកMSX125 ពណ៌ខ្មៅ បើកបរដោយឈ្មោះ លី ណារ៉ុង ភេទប្រុសអាយុ២៣ឆ្នាំ នៅភូមិត្រពាំងអណ្តែងឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល គ្មានមួក គ្មានកញ្ចក់ គ្មានផ្លាកលេខ មុខរបរកម្មករ(ស្លាប់)នៅកន្លែងកើតហេតុ ឌុបឈ្មោះ តូ រ៉ូ ភេទ ប្រុសអាយុ ២១ ឆ្នាំ(ស្លាប់) និងឈ្មោះ ឃឿន រ៉ា ភេទប្រុស អាយុ២៣ឆ្នាំ(ស្លាប់)នៅភូមិឃុំជាមួយគ្នា ដែលបើកពីទិសខាងលិចទៅទិសខាងកើតក្នុងទិសដៅបញ្ច្រាសគ្នា។ បន្ទាប់មករថយន្ត ក៍ជ្រុលទៅបុកបង្គោលខ្សែភ្លើង របស់ EDCបណ្តាលដាច់ខ្សែភ្លើងនិងប្រេះបង្គោលភ្លើង។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា ករណីនេះបណ្ដាលមកពីអ្នកបើកបរថយន្តបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់នៅទីប្រជុំជន។
តាមការឆ្លើយរបស់អ្នកបើកបរឆ្លើយថាខ្លួនបានហូបABCអស់០៦កំប៉ុង។ ករណីនេះកម្លាំងជំនាញបានកំពុងវាស់វែងបន្តចាត់ការទៅតាមនីតិវិធី៕




ផ្តល់សិទ្ធិដោយ៖VD7News.com