Sponsor
ចាប់បាន​ហើយ​ ឃាតក​ចូលអារ-ក ប្លន់សម្លាប់​ជនរង​គ្រោះ៣នាក់​ដល់បន្ទប់ជួល

ខេត្តសៀមរាប៖ កាលពីល្ងាចថ្ងៃទី៤ខែមករា ឆ្នាំ២០១៧ ម្សិលមិញនេះ ឃាតក ដែលចូលអារ-ក ប្លន់សម្លាប់ជនរងគ្រោះ៣នាក់ ដល់បន្ទប់ជួល នៅ​ក្រុងសៀមរាប ដែលបណ្តាលឲ្យស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់ ត្រូវបានកម្លាំង​នគរបាលចាប់ខ្លួនបានហើយ នៅស្រុកជីក្រែង ខេត្តសៀមរាប។

យោងតាមលោក ភឿង ចិន្ដារ៉េត ស្នងការរងនគរបាល និងប្រធាន​ការិយាល័យកណ្ដាល​​ព្រហ្មទណ្ឌខេត្ត​សៀមរាប បានថ្លែងនៅយប់ថ្ងៃទី៤ ខែមករា២០១៧ ថា មុខសញ្ញា​ដែលជាឃាតក ប្លន់សម្លាប់​ជនរងគ្រោះ៣នាក់ ដល់បន្ទប់ជួល​នោះ​ត្រូវបានកម្លាំង​នគរបាលចាប់ខ្លួន​បានហើយ ដោយឃាតកឈ្មោះ ជា សុខជីន អាយុ២៣ឆ្នាំ មានស្រុកកំណើត​នៅស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង។

លោកស្នងការរង​ខេត្តសៀមរាបបានបញ្ជាក់ទៀតថា ប្រតិបត្តិការតាមចាប់ខ្លួន​ជនជាឃាតកនេះ ត្រូវបានធ្វើឡើង​ដោយបែងចែកកម្លាំង​ពិសេស​ជា៣ក្រុម ដោយមួយ​ក្រុមសហការ​​ជាមួយកម្លាំង​​នគរបាល​រាជធានីភ្នំពេញ ស្រាវជ្រាវនៅភ្នំពេញ ក្រុមមួយទៀត សហការជាមួយកម្លាំង​នគរបាលខេត្តកំពង់ចាម ស្រាវជ្រាវនៅកំពង់ចាម និងមួយក្រុម​ទៀត ស្រាវជ្រាវនៅ​ខេត្តសៀមរាបតែម្ដង ដែលទីបំផុតជនសង្ស័យត្រូវបានចាប់ខ្លួននៅ ស្រុកជីក្រែង ខេត្តសៀមរាប។ទោះជាយ៉ាងណា លោកមិនទាន់​អាចបញ្ជាក់បានថា ឃាតកមាន​បក្ខពួកប៉ុន្មាននោះទេ ព្រោះខណៈពេលនេះ កម្លាំងនគរបាលជំនាញកំពុងសួរចម្លើយបន្ដទៀត។

សូមបញ្ជាក់ថា ​មនុស្ស៣នាក់ ត្រូវបានឃាតកចិត្តឆៅចូលអារ-ក ប្លន់សម្លាប់ដល់ក្នុងបន្ទប់ជួល បណ្តាលឲ្យស្លាប់២នាក់ក្នុងថ្លុកឈាម និងម្នាក់ទៀតរបួសធ្ងន់។​ ហេតុការណ៍ឃាតកម្មដល់សាហាវនេះ ភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងក្រុមទី៦​ ភូមិ​សាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

មន្ដ្រីនគរបាលមូលដ្ឋាន​បានឲ្យដឹងថា ក្នុងហេតុការណ៍​ឃាតកម្មនេះ​បណ្ដាលឲ្យ​ជនរងគ្រោះ​២នាក់ដេកស្លាប់​ក្នុងថ្លុងឈាម ដែលទី១៖ ឃុន សុយិន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើការ​ក្រុមហ៊ុនអាហារបំប៉ន មានស្រុកកំណើត​​នៅស្រុកឈូក ខេត្តកំពត, ទី២៖ ឈ្មោះ វេត រដ្ផា ភេទប្រុស អាយុ២៥ឆ្នាំ​​ មានស្រុកកំណើត នៅស្រុកអូរជ្រៅ ខេត្តបន្ទាយ​មានជ័យ និងទី៣៖ ឈ្មោះ ឡេង ស្រីពៅ​​ ភេទស្រី អាយុ២៨ឆ្នាំ រងរបួសធ្ងន់ ក្នុងចំណោម​ជនរងគ្រោះទាំង៣នាក់នេះ ២នាក់ជាប្ដីប្រពន្ធនឹងគ្នា។​

បើតាមនគរបាលបានឲ្យដឹងបន្ថែមថា ស្ដ្រីដែលរងរបួសធ្ងន់​ដែលត្រូវឃាតកអារ-ក កាត់ដៃម្ខាងចោល នៅមានដង្ហើម​ក៏បានខលទៅ​ប​ងប្អូនមកជួយហើយពេលនេះ កំពុងស្ថិតក្នុង​ការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ មិនទាន់ដឹងវាសនា​នាងទៅជាយ៉ាងណានោះទេ​៕

ដោយ៖ (ម៉ែង ហួ​ត​) 

ចាប់បាន​ហើយ​ ឃាតក​ចូលអារ-ក ប្លន់សម្លាប់​ជនរង​គ្រោះ៣នាក់​ដល់បន្ទប់ជួល

ផ្តល់សិទ្ធិដោយ៖VD7news.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor