
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះថា សមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនស្រ្តី ជាជនសង្ស័យចំនួន០១នាក់ នៅចំណុចតាមផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយពីយកទឹកអាស៊ីដបាញ់ស្រោចលើជនរងគ្រោះចំនួន២នាក់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរដោយសាររឿងទំនាស់ប្រច័ណ្ឌ។
ករណីហិង្សាដោយទឹកអាស៊ីដនេះ បង្កដោយជនសង្ស័យ ឈ្មោះ ប៉ាច ចាន់សេរីរ័ត្ន ភេទស្រី អាយុ២៥ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្ទះជួលភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌ ឬស្សីកែវ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១៦ និង៤៥នាទី។ ដោយឡែកជនរងគ្រោះទាំង០២នាក់ដែលរងរបួសរួមមាន ទី១.ឈ្មោះ គា សំណាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងដេរ ស្នាក់នៅផ្ទះជួលភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រងរបួសលើដងខ្លួន ទី២. ឈ្មោះ សាង សុខា ភេទស្រី អាយុ១៨ឆ្នាំ ជាសិស្ស ស្នាក់នៅផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ របួសលើដងខ្លួន។ សម្ភារៈបន្សល់ទុកមាន កែវដាក់ទឹកអាស៊ីតចំនួន១, ម៉ូតូចំនួន០១គ្រឿងម៉ាក SUZUKI NEX ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1DE-8865 ជារបស់ជនរងគ្រោះ។
មុនពេលកើតហេតុ ជនរងគ្រោះទាំង០២នាក់ និងជនសង្ស័យបានជិះម៉ូតូជាមួយគ្នា ទៅផ្ទះជួលរបស់ជនសង្ស័យនៅសង្កាត់ទួលសង្កែ ពេលជនរងគ្រោះនិងជនសង្ស័យជិះម៉ូតូជាមួយគ្នាដល់ ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យដែលជិះខាងក្រោយគេ បានយកកែវមានដាក់ទឹកអាស៊ីដ ដែលជនសង្ស័យដាក់ក្នុងកាបូបស្ពាយចាក់ស្រោចលើជនរងគ្រោះទាំងពីរនាក់ បណ្ដាលឲ្យរងរបួស រលាកពេញដងខ្លួន។ ករណីនេះត្រូវបានកម្លាំងប៉ុស្តិ៍ភ្នំពេញថ្មី បានល្បាតដល់ចំណុចកើតហេតុ ឃើញបានហេតុការណ៍ ក៏បានឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ នៅអធិការដ្ឋាន។
ចំណែកជនរងគ្រោះទាំង០២នាក់ បានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យព្រះកុសមៈហើយជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
ផ្តល់សិទ្ធិដោយ៖KQUBE