សិល្បៈ ៖ មួយរយៈនេះតារាចម្រៀងកញ្ញា រ៉ាប៊ី ក្រៅពីមានបទចម្រៀងជាមួយលោក សុគន្ធ ថេរ៉ាយុ ចេញលក់ច្រើន អ្នកទាំងពីរក៏មានសកម្មភាពស្និទ្ធស្នាលខ្លាំង រហូតធ្វើឲ្យអ្នកគាំទ្របាននិយាយថា ពួកគេកើតមានទំនាក់ទំនងស្នេហានឹងគ្នាថែមទៀតផង ហើយព័ត៌មាននេះ រ៉ាប៊ី ក៏មិនទាន់ចេញមុខបកស្រាយដែរ ទើបតែនៅពេលនេះកញ្ញា បានសារភាពថា នាងក៏ចូលចិត្តលោក សុគន្ធ ថេរ៉ាយុ ផងដែរ។
បញ្ជាក់ប្រាប់អ្នកយកព័ត៌មាន Kqube.net មុននេះបន្តិចកញ្ញា រ៉ាប៊ី បានប្រាប់ថា នាងទទួលស្គាល់ទំនាក់ទំនងរវាងរូបនាងជាមួយលោក សុគន្ធ ថេរ៉ាយុ មួយរយៈនេះពិតជាស្និទ្ធស្នាលខ្លាំង ព្រោះនាងមានការងារច្រើនត្រូវធ្វើជាមួយគ្នា ដូច្នេះហើយទើបធ្វើឲ្យអ្នកគាំទ្រខ្លះគាត់គិតថា ទំនាក់ទំនងពួកយើងមានអ្វីពិសេសខុសពីមិត្តភ័ក្ដិធម្មតា។
កញ្ញា រ៉ាប៊ី បន្តថា ចំពោះលោក សុគន្ធ ថេរ៉ាយុ នាងមានអារម្មណ៍ចូលចិត្តគាត់ ព្រោះគាត់ជាមនុស្សល្អជួយយកអាសានាងបានច្រើន ជាពិសេសគាត់ក៏មានអត្តចរិតល្អគួរឲ្យចង់រាប់អានផងដែរ។ ឆ្លើយដល់ចំណុចនេះពេលយើងសួរនាំបន្ថែមថា តើចំណុចស៊ីសង្វាក់គ្នាខាងលើនេះ អាចនាំឲ្យអ្នកទាំងពីរកើតមានមនោសញ្ចេតនាដែរ ឬទេ ព្រោះលោក សុគន្ធ ថេរ៉ាយុ បានបង្ហាញនូវការយកចិត្តទុកដាក់មកលើកញ្ញាខ្លាំង ?
សំណួរនេះកញ្ញា រ៉ាប៊ី បញ្ជាក់ថា "ចំពោះទឹកចិត្តគាត់ និងខ្ញុំហាក់មានចំណុចដូចគ្នាច្រើន ប៉ុន្តែសម្រាប់ចម្លើយរបស់ខ្ញុំក្នុងពេលនេះ គឺមិនទាន់អាចឆ្លើយតបនឹងសំណួរនេះបានទេ ព្រោះខ្ញុំក៏មិនទាន់ប្រាកដក្នុងចិត្តនៅឡើយ គឺគ្រាន់តែមានចិត្តមួយដឹងពីលក្ខណៈសម្បត្តិបង សុគន្ធ ថេរ៉ាយុ ឲ្យបានច្រើនជាងនេះតែប៉ុណ្ណោះ"៕
ផ្តល់សិទ្ធិដោយ៖KQUBE

