Sponsor

សិល្បៈ ៖ កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ​តារា​ចម្រៀង​លោក​ សាន ផានិត ​បាន​ទៅ​សួរ​សុខទុក្ខ​អ្នក​និពន្ធ​បទចម្រៀង​ "ទឹកភ្នែក​ជនពាល​" ដែល​ជា​បទចម្រៀង​ដ៏​ល្បី​ប្រចាំ​ផលិតកម្ម​ រស្មី​ស្ទឹង​សង្កែ ​ក្នុង​ឆ្នាំ​២០០៤​ ហើយ​លោក​ក៏​មិន​អាច​ទប់​ទឹកភ្នែក​បាន​ឡើយ​ ខណៈ​ដែល​អ្នក​និពន្ធ​បទ​ចម្រៀង​ជើង​ចាស់​រូប​នេះ​តែង​ប្រើ​ពាក្យ​លា​អ្នក​ទៅ​សួរ​សុខទុក្ខ​ថា លា​ទៅ​មុន​។

បទ​ចម្រៀង ​"ទឹកភ្នែក​ជនពាល"​ ដែល​ជា​ការ​បក​ស្រាយ​ដោយ​លោក​ ឈឿន ឧត្តម ​គឺ​ជា​ស្នាដៃ​និពន្ធ​របស់​អ្នក​គ្រប់គ្រង​កម្មវិធី​ប្រដាល់​ដ៏​ល្បី​ឈ្មោះ​ទូរទស្សន៍ ​CTN ​លោក ​ម៉ា សេរី ​ហើយ​បទ​ចម្រៀង​មួយ​នេះ​​បាន​ដក់ជាប់​ក្នុង​បេះដូង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​ខ្លាំង​ជាង​គេ ​ក្នុង​ចំណោម​បទ​ចម្រៀង​ដែល​លោក​បាន​និពន្ធ​ឡើង​មាន​ចំនួន​ប្រមាណ​ជា​៣០​បទ​។ ​

លោក​ សាន ផានិត ​បាន​ប្រាប់​ Kqube.net ​ នៅ​ព្រឹក​នេះ​ថា ​ កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ​លោក​បាន​ទៅ​មើល​ថែ​អ្នក​ម្ដាយ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ រុស្សី ​ជិត​បន្ទប់​លោក​ ម៉ា សេរី ​សម្រាក​ផង​ដែរ​ ពេល​នោះ​លោក​ក៏​បាន​ចូល​សួរ​សុខទុក្ខ​ និង​បាន​សាកសួរ​គាត់​ខ្លះ​ពី​អាការ​ជំងឺ ​ ដោយ​គាត់​បាន​និយាយ​តិចៗ​មក​វិញ​ថា​ លោក​នៅ​ស្គាល់​ សាន ​ផានិត ​ ។ ចំណែក​បទ​ចម្រៀង​ដែល​គាត់​និពន្ធ​មួយ​ចំនួន​ឲ្យ​ផលិតកម្ម​ រស្មី​ស្ទឹង​សង្កែ​ គឺ​លោក​ចាំ​បាន​តែ​បទ​ "ទឹកភ្នែក​ជនពាល​"​ មួយ​បទ​ទេ ​។

លោក​ សាន ផានិត ​បន្ត​ថា​ ឃើញ​សភាព​អតីត​អ្នក​និពន្ធ​ និង​អ្នក​បញ្ចូល​សំឡេង​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​លោក ម៉ា សេរី មាន​សភាព​បែប​នេះ​លោក​ពិត​ជា​មិន​អាច​ទប់​ទឹក​ភ្នែក​បាន​ឡើយ ព្រោះ​គាត់​តែង​និយាយ​លា​អ្នក​ស្គាល់​គ្នា​ អ្នក​សិល្បៈ ​និង​បងប្អូន​ខ្មែរ​ថា ​លោក​ទៅ​មុន​ហើយ​។ 

សាន​ ផានិត​ បន្ត​ថា​ ពេល​លោក​ថត​រូប​មក​ផុស​ក្នុង​ហ្វេសប៊ុក ​ពេល​នេះ​ក៏​មាន​បងប្អូនសប្បុរសជន​ជួយ​តាម​រយៈ​រូប​លោក​ទៅ​លោក​ ម៉ា​សេរី​ មាន​ទឹក​ប្រាក់​ចំនួន​ ៥០​ម៉ឺន​រៀល ​ហើយ​លុយ​នេះ​លោក​ក៏​មាន​គម្រោង​យក​ទៅ​ប្រគល់​ជូន​គ្រួសារ​គាត់​បើ​មិន​ថ្ងៃ​នេះ ​គឺ​ថ្ងៃ​ស្អែក​តែម្ដង​៕

រូបភាព
រូបភាព
រូបភាព
រូបភាព

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor