
រាជធានីភ្នំពេញ៖ ធ្លាប់តែឃើញយក្សក្នុងរឿង ល្ខោន ដែលដើរតួជាមារជ្រែកជាមួយតួឯក តែពេលនេះយក្សបានកាឡៃខ្លួនមករុញលៀសហាល លក់វិញម្ដង នៅម្តុំផ្សារដេប៉ូ ផ្សារថ្មី ផ្សារចាស់ជាដើម នៅក្នុងរាជធានីភ្នំពេញ តែជំនួញរបស់យក្សហាក់ដូចជាកាក់កបគ្រាន់បើដែរ ដោយលក់រយៈពេល៥ម៉ោងក្នុងមួយថ្ងៃ យក្សអាចរកចំណូលបានរហូតដល់២០ម៉ឺនរៀល។
វីដេអូដែលចែកចាយតៗគ្នាក្នុងបណ្ដាញសង្គមហ្វេសប៊ុក បុរសដែលដើរតួជាយក្សលក់លៀសហាលនោះ បានរៀបរាប់ថា ការធ្វើបែបនេះព្រោះតែលោកស្រលាញ់ និងចង់ចូលរួមមួយចំណែក ក្នុងការថែរក្សា និងអភិរក្សទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរ ហើយណាមួយជាវិធីថ្មីរបស់លោក ក្នុងការទាក់ទាញចំណាប់អារម្មណ៍ របស់មហាជន ដែលជាហេតុធ្វើអោយការលក់លៀសហាលរបស់លោក កាន់តែដាច់ ហើយអ្នកខ្លះទោះជាគេមិនទិញលៀសហាល ក៏គេអោយលុយលោក ជាការលើកទឹកចិត្តដែរ។

ដោយឡែកទាក់ទងនឹងការតុបតែងមុខវិញលោកថា លោកបានទៅសុំរៀនពីអ្នកជំនាញ ហើយសំលៀកបំពាក់ លោកខ្ចីគេដោយម្ចាស់ឈុតល្ខោននេះមិនគិតប្រាក់ពីលោកនោះទេ លោកតែងតែដូរទម្រង់មុខ និងឈុតល្ខោននេះ ក្នុងមួយថ្ងៃម្តង ដើម្បីកុំអោយអ្នកទិញមានអារម្មណ៍ធុញ ចំណែកឯទីកន្លែងលក់វិញលោកតែងតែចល័ត ហើយមូលហេតុដើម្បីកុំអោយអតិថិជនលោកធុញដូចគ្នា ដែលនេះជាចិត្តសាស្ត្រមួយដ៏ល្អក្នុងរបររកស៊ីរបស់លោក៕
ទស្សនាវីដេអូ៖
ផ្តល់សិទ្ធិដោយ៖KQUBE