
អប្បិយជំនឿ៖ មួយរយៈចុងក្រោយចូលដល់ដើមឆ្នាំថ្មីនេះ មានមនុស្សម្នាជាច្រើននាក់ ជាពិសេសគឺអ្នកប្រើប្រាស់នៅលើបណ្ដាញសង្គម Facebook ហ្នឹងតែម្ដងបាននាំគ្នាភ្ញាក់ផ្អើលស្ទើរតែភ្លូកទឹកភ្លូកដីថា ខែកុម្ភៈឆ្នាំ២០១៧ខាងមុននេះជា ថ្ងៃខែឆ្នាំមួយដ៏កម្រ ៨២៣ឆ្នាំទើបមានម្ដង ព្រោះក្នុងខែនោះមានថ្ងៃផ្ទួនគ្នាចំនួន៤ៗដង រហូតបានលេចចេញពាក្យចចាមអារ៉ាមថា ខែនេះជាខែថង់មាសថង់ប្រាក់ លុយរត់ចូលគ្រប់ក្រុមគ្រួសារផងដែរ។
តាមរយៈអប្បិយជំនឿគ្មានប្រភពច្បាស់លាស់នេះ បានធ្វើឲ្យពួកគេម្នាក់ៗផ្ញើសារទៅកាន់មិត្តភ័ក្ដិឬបងប្អូន និងមនុស្សជាទីស្រឡាញ់ជាបន្តបន្ទាប់ ដើម្បីសូមឲ្យលាភសំណាងនោះបានដល់បងប្អូនឬមិត្តភ័ក្ដិឪពុកម្ដាយរបស់ពួកគេដូចៗគ្នា ថែមទាំងដាក់កំហិតថាបើមិនជួយផ្ញើទៅ១០ឬ២០នាក់ទេ អ្នកនឹងបាត់បង់លាភដ៏ធំនោះជាមិនខានឡើយ។
ជាមួយគ្នានេះឯកឧត្ដម អុឹម បុរិទ្ធ អគ្គលេខាធិការរង នៃគណៈកម្មការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ និងជាគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ បានបដិសេធទាំងស្រុងនៅជំនឿតគ្នានោះ ហើយបានបញ្ជាក់ថា សកម្មភាពនេះវាគ្រាន់តែការបង្កើតឡើងរបស់មនុស្សក្រុមតូចណាមួយ ដើម្បីចង់បាន Like និង Share នៅក្នុងបណ្ដាញសង្គម Facebook ប៉ុណ្ណោះ ម្យ៉ាងវិញទៀតជំនឿបែបនេះកាន់តែធ្វើឲ្យសង្គមខ្មែរកាន់តែច្របូកច្របល់ទៅវិញទេ។
លោកបានបន្តថា ចំពោះការលើកឡើងថាខែកុម្ភៈខាងមុខនេះ ក្នុងមួយសប្ដាហ៍មានថ្ងៃផ្ទួនគ្នា៤ដង (ច័ន្ទ៤ អង្គារ៤ ពុធ៤ ព្រហស្បតិ៍៤ សុក្រ៤ សៅរ៍៤ អាទិត្យ៤) ជាខែមួយដ៏កម្រក្នុង ៨២៣ឆ្នាំទើបមានម្ដងនោះ គឺជាការភូតកុហកសុទ្ធសាធ ព្រោះកន្លងមកក៏ធ្លាប់មានថ្ងៃផ្ទួនគ្នាអញ្ចឹងដែរ ឲ្យតែកុម្ភៈ លើកលែងតែខែនោះមាន២៩ថ្ងៃ ទើបក្នុងចំណោមថ្ងៃទាំងនោះ មាន១ថ្ងៃផ្ទួនគ្នារហូត៥ដងក្នុងមួយសប្ដាហ៍។
លោកបានបញ្ជាក់ថា ជាក់ស្ដែងខែកុម្ភៈឆ្នាំ២០១៨ខាងមុខនេះ ក៏មានថ្ងៃផ្ទួនគ្នា៤ៗដងដូចគ្នាដែរ ដូច្នេះរឿងថា ខែកុម្ភៈឆ្នាំ២០១៧នេះ ជាខែថង់មាសថង់ប្រាក់នោះ សូមកុំមានការយល់ច្រឡំតទៅទៀតអី វាជាពាក្យចចាមអារ៉ាម ឬគ្រាន់តែការបង្កើតឡើងក្នុងគោលបំណងពីមនុស្សមួយក្រុមតូចណាមួយក្នុងបំណងចង់បាន Like ឬ Share និងផលចំណេញផ្ទាល់ខ្លួនឯណាតែប៉ុណ្ណោះ។ ដើម្បីជ្រាប់ច្បាស់នូវព័ត៌មាននេះ សូមទស្សនាវីដេអូសម្ភាសផ្ទាល់រវាងលោក ចេង ចំរើន ភ្នាក់ងារព័ត៌មាន Kqube.net និងឯកឧត្ដម អុឹម បុរិន្ធ ខាងក្រោមនេះ។
ក្នុងនោះឯកឧត្ដមក៏បានបញ្ជាក់អំពីព្រឹត្តិការណ៍ចន្ទគ្រាស ចំថ្ងៃទី១១ ខែកុម្ភៈ និងផ្ទួនគ្នាជាមួយពិធីបុណ្យមាឃបូជា ដែលជាបុណ្យរំលឹកនៅព្រឹត្តិការណ៍សំខាន់ៗក្នុងព្រះពុទ្ធសាសនា និងជាថ្ងៃកម្មករមន្ត្រីរាជការឈប់សម្រាកពីការងារផងដែរ។ ដូច្នេះចង់ដឹងទេថា ថ្ងៃនោះជាអភូតហេតុដែរ ឬក៏ជាយ៉ាងណា?
វីដេអូ៖



ផ្តល់សិទ្ធិដោយ៖KQUBE