
ភ្លើងឆេះព្រៃធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រប្រទេស ឈីលី បានបំផ្លាញតំបន់ដ៏ធំធេងនៅភាគកណ្ដាល និងខាងត្បូងប្រទេស ជាអគ្គិភ័យដែលកើតឡើងក្នុងរដូវក្ដៅ ។ យន្តហោះស្រោចទឹកពីអាកាស ដែលប្រទេស ឈីលី ខ្ចីពីសហរដ្ឋអាមេរិក បានទៅដល់តំបន់មានភ្លើងឆេះ ដើម្បីជួយក្នុងប្រតិបត្តិការ ក្រោយពីអគ្គិភ័យរាលដាលមិនអាចគ្រប់គ្រងបានអស់រយៈពេលជាច្រើនថ្ងៃ បំផ្លាញព្រៃឈើ និងចម្ការទំពាំងបាយជូរអស់រាប់ពាន់ហិចតា ។
ប្រទេសជាច្រើន បានផ្ដល់ជំនួយដល់ប្រទេស ឈីលី ក្នុងនោះមានជំនួយមកពីប្រទេស បារាំង អាមេរិក ប៉េរូ និង ម៉ិកស៊ិក បំណងទប់ស្កាត់ការរាលដាលនៃភ្លើងឆេះព្រៃ ដែលកំពុងខិតទៅជិតទីប្រជុំជននានា និងបានបំផ្លាញផ្ទះជាច្រើនខ្នង ព្រមទាំងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ឧស្សាហកម្មស្រាទំពាំងបាយជូររបស់ប្រទេស ឈីលី ដោយសារតែចម្ការទំពាំងបាយជួយទទួលរងការបំផ្លាញ ។
ភ្លើងឆេះព្រៃកើនឡើងដល់ ៨៥ កន្លែង កំពុងរាលដាលលើផ្ទៃដីទំហំ ១៩ ម៉ឺនហិចតា ក្នុងនោះភ្លើង ៣៥ កន្លែងនៅមិនទាន់អាចគ្រប់គ្រងបាននៅឡើយ ។ កាលពីសប្ដាហ៍មុន បុគ្គលិកពន្លត់អគ្គិភ័យ ៣ នាក់ស្លាប់ ដោយសារប្រតិបត្តិការពន្លត់ភ្លើង ប៉ុន្តែគ្រោះថ្នាក់នោះ ដោយសារការប្រែប្រួលទិសខ្យល់បក់ ដែលនឹកស្មានមិនដល់ ធ្វើឲ្យបុគ្គលិកពន្លត់អគ្គិភ័យជាប់ក្នុងភ្លើងមិនអាចភៀសខ្លួនចេញបាន ។
ផ្តល់សិទ្ធិដោយ៖KQUBE