
អប្បិយជំនឿ៖ ពិធីបុណ្យចូលឆ្នាំចិនតាមធម្មតាប្រជាជនខ្មែរជាប់សែស្រឡាយចិនដែលរស់នៅលើទឹកដីកម្ពុជា ជាទូទៅគឺតែងធ្វើនៅអំឡុងខែកុម្ភៈ ឬជិតចូលដល់ខែមីនាក៏មានដែរ ប៉ុន្តែសម្រាប់ចូលឆ្នាំថ្មីនេះ បែរជាប្រារព្ធធ្វើនៅចុងខែមករានេះទៅវិញ គឺចាប់ពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី៣០ខែមករា ដែលនឹងចូលមកដល់ឆាប់ៗខាងមុខនេះ។ មានអ្នកឆ្ងល់ថាដោយសារមូលហេតុអ្វីទេ?
ព្រឹត្តិការណ៍នេះជាពិធីបុណ្យប្រពៃណីដ៏ធំមួយរបស់ជនជាតិចិន ហើយប្រជាជនខ្មែរខ្លះ ដែលជាប់សែស្រឡាយដូនតាជាយូរលង់ណាស់មកហើយ ទោះតិចក្តីច្រើនក្ដីក៏បាននាំគ្នាធ្វើម្ហូបចំណីសែនឡើងគគ្រឹកគគ្រេងផងដែរ ខណៈអ្នកខ្លះមិនទាំងចេះភាសាចិនសូម្បីតែមួយមាត់ក៏ដោយ សំខាន់ពួកគេមានធនធានអាចលៃលកទិញចំណីត្រីសាច់ កាប់មាន់កាប់ជ្រូកសែនដូនតា បន្ទាប់មកក៏បង្កើតកម្មវិធីជួបជុំបងប្អូនសប្បាយអបអរឆ្នាំថ្មី។
ចំពោះពិធីបុណ្យសែនចូលឆ្នាំចិនស្ថិតនៅក្នុងខាងមករា សម្រាប់ឆ្នាំ២០១៧នេះ គ្រូចិនសែល្បីឈ្មោះ ចាំង ហាំងឡុង ក៏បានបកស្រាយបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំចិន គឺមិនអាចកំណត់បានដូចបុណ្យចូលឆ្នាំខ្មែរនោះទេ បុណ្យនេះអាចនឹងធ្វើនៅចុងខែមករា ពាក់កណ្ដាលខែកុម្ភៈ ឬក៏ដើមខែមីនា ក៏មាន ព្រោះមានឆ្នាំខ្លះ ត្រូវបានលើកខែ ឬហៅថាបន្ថែមខែមួយទៀត ដែលមានរហូត១៣ខែក្នុងមួយឆ្នាំ។ ជាមួយនឹងការបកស្រាយជុំវិញពិធីបុណ្យចូលឆ្នាំចិនស្ថិតក្នុងខែមករានេះដែរ ហោរាសាស្ត្រចិនរូបនេះ ក៏បានប្រាប់នូវចំណុចល្អ និងអាក្រក់មួយចំនួននៅក្នុងព្រឹត្តិការណ៍បុណ្យចូលឆ្នាំចិនខាងមុខនេះផងដែរ ដោយប្រាប់អំពីថ្ងៃណាគួរដើរលេង ឬថ្ងៃណាគួរនៅផ្ទះ ព្រោះមានឆ្នាំកំណើតមនុស្សខ្លះ ដើរទៅនាំឲ្យមានរឿងអាក្រក់កើតឡើងដោយមិនអាចដឹងមុន។
ដើម្បីជាក់ច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ដោយមានការសម្របសម្រួលពីលោក ចេង ចំរើន ភ្នាក់ងារសារព័ត៌មាន Kqube.net ដូចតទៅ៖
ផ្តល់សិទ្ធិដោយ៖KQUBE