
រាជធានីភ្នំពេញ៖ ជារឿងមួយដែលគួរឲ្យសង្វេគ និងគួរសោកស្ដាយជាខ្លាំង ដែលអ្នកមាន សមត្ថភាពជាសិល្បៈជើងចាស់មួយចំនួន ត្រូវបានមហាជនបំភ្លេចចោល ហើយចុងក្រោយជីវិតរបស់អ្នកទាំងនោះ ត្រូវរស់នៅដោយគ្មានទីពឹង តួយ៉ាងដូចជាលោកតា សួន សាន នេះជាដើម។ មិននឹកស្មានថាកេរ្តិ៍ឈ្មោះ និងពានរង្វាន់ដែលគាត់ធ្លាប់មាន ធ្លាប់កាន់ តែត្រូវធ្លាក់ខ្លួនមកជាអ្នកសុំទាន តាមថ្នល់ជារបរចិញ្ចឹមជីវិតទៅវិញ។
អង្គុយនៅលើរទេះ ដោយមិនអាចដើរបាន មាត់ដែលគាត់ធ្លាប់តែស្រែកច្រៀងចម្រៀងទំនុកចាប៉ី ពេលនេះគាត់ប្រើមាត់របស់គាត់ហាសុំលុយគេ ដៃដែលគាត់ធ្លាប់តែកេះចាប៉ីដោយភាពប៉ិនប្រសព្វ តែពេលនេះ គាត់ប្រើដៃរបស់គាត់លើកសំពះសុំលុយគេ! ចុះឯណាពានរបស់គាត់ និងកេរ្តិ៍ឈ្មោះដែលគាត់ធ្លាប់ទទួលបាន ហេតុអីមិនជួយយឹតយោងគាត់នៅគ្រានេះផង? តើគួរបន្ទោសអ្នកណា? ឬមកពីគាត់ដែលមិនចេះរៀបចំខ្សែជីវិត?

ក្នុងវីដេអូដែលមានប្រវែងរបស់ជាងពីរនាទី ត្រូវបានគេបង្ហោះ និងចែកចាយស្ទើរតែគ្រប់បណ្តា អ្នកប្រើប្រាស់ហ្វេសប៊ុក លោកតា សួន សាន គាត់បានអះអាងថា គាត់គឺអតីតអ្នកចម្រៀងចាប៉ីដងវែងដែលទទួលបានចំណាត់ថ្នាក់លេខ២ ហើយគាត់ធ្លាប់ទៅច្រៀងនៅប្រទេសចិន ហើយចុងឆ្នាំ២០១៧នេះ គាត់ត្រូវទៅច្រៀងទៅប្រទេសអង់គ្លេសទៀតផង។ តែគួរស្តាយពានដែលគាត់ទទួលបាននោះ គាត់ថា បាត់ទៅហើយ។ តែអ្វីដែលជាបញ្ហាសម្រាប់រូបគាត់ពេលនេះ គឺជីវភាពរបស់គាត់តែម្តង ណាមួយជើងរបស់គាត់មិនអាចដើរបានទៀតនោះទេ គាត់ត្រូវការជិះរទេះក្នុងការបម្លាស់ទីដើម្បីរកសុំទាន។
ដូចនេះតើក្នុងនាមយើងជាខ្មែរដែលតែងតែហាមាត់ថា ស្រលាញ់ណាស់សិល្បៈវប្បធម៌ខ្មែរ គួរតែទុកបណ្ដោយឲ្យជីវិតរបស់លោកតាដែលជាមរតកជើងចាស់របស់ខ្មែរ នៅដើរសុំទានគេបន្តទៀតឬយ៉ាងណា? បើបងប្អួនមានសទ្ធាសូមទាក់ទងទៅកាន់គាត់ដោយផ្ទាល់តាមរយៈ លេខទូរស័ព្ទរបស់គាត់ ០១២ ៣៣ ៥០ ៣៤៕
ទស្សនាវីដេអូ៖
ផ្តល់សិទ្ធិដោយ៖KQUBE