
ខេត្តកណ្ដាល៖ កាលពីថ្ងៃទី១៨ មករា ២០១៧ ម្សិលមិញ ដោយមានបុរសជាបុគ្គលិកគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុ(អម្រឹត)ម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆ្កឹះសោរទូរដែកក្រុមហ៊ុន ប្រមូលយកលុយជាង១ម៉ឺនដុល្លារខ្ទេច!។
តាមប្រភពពីនគរបាលបានថ្លែងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ អ៊ូ សារ៉ាវុធ អាយុ២៣ឆ្នាំ មានស្រុកកំណើតភូមិបារាយណ៍កើត ឃុំបារាយណ៍ ស្រុកព្រៃវែង មុខរបរ បុគ្គលិកមីក្រូហិរញ្ញវត្ថុ(អម្រឹត)។ វត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូ១គ្រឿងម៉ាកហុងដាC125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ស្លាកលេខព្រៃវែង 1G-1732 ទូរស័ព្ទ២គ្រឿង។
នគរបាលក៏បានបញ្ជាក់ទៀតថា ជនសង្ស័យកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ បានជិះម៉ូតូចេញពីផ្ទះជួលក្នុងភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌដង្កោរ ឆ្ពោះទៅកន្លែងកើតហេតុ ហើយបានសុំសន្តិសុខ ចូលយកឯកសារ រួចក៏លួចឡើងទៅកន្លែងទូរដែកដាក់លុយ យកដែកមូលមុខស្រួចឆ្កឹះសោរប្រមូលយកលុយអស់ ចំនួន១៤.៧២១.១០០រៀល(ជាង១៤លាន) និង(៦.០២៥ដុល្លារ)។
នគរបាលបានបន្ថែមទៀតថា លុយដែលជនសង្ស័យលួចយកទៅ គឺចាញ់ល្បែងអស់ហើយនៅកាស៊ីណូ (ណាហ្គា)។ រីឯលុយដែលជនសង្ស័យតែងប្រមូលប្រាក់ពីអតិថិជន ចំនួន៤.៤៥០.០០០រៀល ពុំបានបង្វិលចូលមកឲ្យក្រុមហ៊ុននោះទេ។
បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលឃុំខ្លួនជាបណ្តោះអាសន្នដើម្បីចាត់ការតាមនីតិវិធី៕


ផ្តល់សិទ្ធិដោយ៖VD7News.com