Sponsor

រាជធានី​ភ្នំពេញ៖​​ ឯកឧត្ដម​ ខៀវ កាញ៉ា​រិទ្ធ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​បាន​​បញ្ជាក់​ថា កំហុស​របស់​ពិធីករ​ពិធីការនី​វិទ្យុ​ABCលើក​នេះ ​គឺ​ក្រសួង​មិន​អនុញ្ញាត​អោយ​ឡើង​និយាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ទៀត​ឡើយ​ លើកលែង​តែ​ពួក​គេ​ខិត​ខំ​កែ​ខ្លួន​ពីរបី​ឆ្នាំ​ក្រោយ​ទើប​អាច​ឡើង​និយាយ​បាន​វិញ​ ព្រោះ​ថា​មិន​អាច​ធ្វើ​ខុស​ធ្ងន់ធ្ងរ​ហើយ បែរ​ជា​ត្រូវ​បញ្ចប់​ដោយ​សារ​សុំទោស​មួយ​ម៉ាត់​នោះ​ទេ​។

ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ក៏​បាន​ពន្យល់​ថា មូលហេតុ​ដែល​ឈាន​ទៅ​ដល់​ការ​បិទ​មិន​ឲ្យ​វិទ្យុ​ABCកម្ពុជា​សហការ​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍​៣​កាល​ពី​ថ្ងៃ​ទី​២៤​កន្លង​មក​នេះ ដោយ​តែ​ពិធី​ករ​ពិធីការ​នី​វិទ្យុ​នេះ​ បាន​ប្រើ​កាយ​វិការ​មិន​សមរម្យ និង​ជេរ​ប្រមាថ​មហាជន​ខុស​វិជ្ជាជីវៈ​សារព័ត៌មាន​ធ្ងន់ធ្ងរ​។

ប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​បញ្ចប់​ពិធី​ជួបជុំ​ជា​មួយ​អ្នក​និវត្តន៍​ជន​ក្រសួងព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​២៥ ​មករា​នៅ​ទីស្តី​ការ​ក្រសួង ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ បាន​មាន​ប្រសាសន៍​ថា ​ពិធីករ​ពីធីការ​នី​វិទ្យុ​ABCបាន​ប្រព្រឹត្ត​នូវ​អំពើ​ពុំ​គួរ​គប្បី ដោយ​ប្រើ​កាយ​វិការ​មិន​សមរម្យ ​ការ​ប្រើ​ពាក្យ​សម្តី​ខ្វះ​សីលធម៌​វិជ្ជាជីវៈ ជា​អ្នកសារព័ត៌មាន និង​បាន​ប្រមាថ​មើល​ងាយ​អ្នក​ស្តាប់​ ក៏​ដូច​ជា​ទូរ ទស្សនិកជន ក្នុង​ពេល​កំពុង​បំពេញ​ភារកិច្ច​របស់​ខ្លួន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ពិធីករ ពិធីការ​នី​ផ្សេង​ទៀត។

​ឯកឧត្ដម​បញ្ជាក់​ថា​ អ្នកណា​ក៏​មាន​កំហុស​ខុស​ឆ្គង​ដែរ សម្រាប់​វិជ្ជាជីវៈ​សារព័ត៌មាន​នេះ​។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ក្រសួងព័ត៌មាន​មិន​អាច​អនុគ្រោះ​បាន​នោះ ដោយសារ​តែ​វិទ្យុ​នេះ​បាន​ប្រព្រឹត្តិ​នូវ​កំហុស​ពីរ​ធំៗ​រួម​មាន៖​

ពិធីករ​ពីធីការនី​ប្រើ​កាយ​វិការ​មិន​សមរម្យ ធ្វើ​មាន​ការ​រិះគន់​ច្រើន​ពី​មហាជន និង​កំហុស​ធ្ងន់ធ្ងរ​មួយ​ទៀត​នោះ​គឺ​ការ​មិន​ទទួល​កំហុស ហើយ​បែរ​ជា​ប្រើ​ពាក្យ​សម្ដី​ឆ្លើយ​តប​បែប​អសីលធម៌​ទៅ​វិញ។​ប្រសាសន៍​រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ​“និយាយ​រួម​វិទ្យុ​ABCគាត់​បាន​ធ្វើ​ការងារ​សង្គម​ច្រើន​ណាស់ ​ហើយ​ក៏​ជា​វិទ្យុ​មួយ​ដែល​សកម្ម​ក្នុង​ការ​ផ្ដល់​ប្រភព​ព័ត៌មាន និង​មនុស្សធម៌។

ប៉ុន្តែ​ថ្មី​ៗ​នេះ ​ពិត​មែន​តែ​គាត់​ដំបូង​មាន​ការ​ខុស​ឆ្គង​ខ្លះ ​តែ​កំហុស​ខុស​ឆ្គង​នោះ​ជា​ការ​ធម្មតា​ទេ ចំពោះ​អ្នក​ដែល​មិន​ធ្លាប់​ធ្វើ​ការងារ​ហ្នឹង(ការងារ​ព័ត៌មាន)​។ ប៉ុន្តែ​កំហុស​មួយ​ដែល​យើង​មិន​អាច​អនុគ្រោះ​បាន គឺ​នៅ​ពេល​ដែល​មាន​ការ​រិះគន់​ហើយ​នោះ ​គាត់​ត្រូវ​ឆ្លើយ​បំភ្លឺ ត្រូវ​ពន្យល់​។ផ្ទុយ​ទៅ​វិញ​គាត់​យក​របៀប​បំភ្លឺ​របស់​គាត់​ គឺ​ការ​ជេរ​បញ្ចោរ​​​ទៅ​វិញ ដៀល​គេ​ទៅ​វិញ ដែល​នេះ ​មិនមែន​ជា​វិជ្ជាជីវៈ​របស់​ពិធីករ​ពិធីការនី​នោះ​ទេ។​

យើង​ត្រូវ​ដាក់​ខ្លួន​ការ​រិះ​គន់​ណា​អាច​ទទួល​យក​បាន​យើង​ទទួល​យក​ទៅ អាណា​មិន​ទទួល​បាន​យើង​ពន្យល់​ប្រាប់​គេ​វិញ​តាម​បែប​វិជ្ជាជីវៈ​។ មិនមែន​យើង​តាំង​ខ្លួន​ជា​អ្នក​ល្បី ឬ​ជា​តួឯក​នោះ​ទេ”។

លិខិត​ផ្លូវ​ការ​របស់​ឯកឧត្តម ខៀវ កាញ៉ារិទ្ធ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន ចេញ​ផ្សាយ​នៅ​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​មករា​នេះ បាន​ឲ្យ​លោក ខាំពូន កែវមុណី ដែល​ជា​ម្ចាស់​ស្ថានីយវិទ្យុ-ទូរទស្សន៍​ប៉ុស្តិ៍​៣ ​រាជធានី​ភ្នំពេញ បញ្ចប់​កិច្ច​សហការ​ផលិតកម្ម​វិធី​ជាមួយ​វិទ្យុ​ABC​កម្ពុជា​។

ឯកឧត្ដម​បាន​បញ្ជាក់​លើ​លិខិត​ថា ​កន្លង​មក​ក្រសួងព័ត៌មាន​បាន​ឯកភាព​អនុញ្ញាត​ឲ្យ​លោក​ ខាំពូន កែវមុណី ធ្វើ​កិច្ច​សហការ​ជា​មួយ​ស្ថានីយវិទ្យុABCកម្ពុជា FM107.50 MHz ក្នុង​ការ​ផលិតកម្ម​វិធី​ចម្រុះ ដើម្បី​ធ្វើការ​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​៣ រាជធានី​ភ្នំពេញ​ រយៈ​ពេល​៣​ម៉ោង​ក្នុង​១​ថ្ងៃ ចាប់​ពី​ម៉ោង​០៦ ដល់​ម៉ោង​៩​ព្រឹក។

ប៉ុន្តែ​បន្ទាប់​ពី​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​៣ រាជធានី​ភ្នំពេញ បាន​ដំណើរ​ការ​ផ្សាយ​កម្មវិធី​នេះ​មួយ​រយៈ​ពេល​ខ្លី​កន្លង​មក បាន​កើត​មាន​ប្រតិ កម្ម​ពី​សំណាក់​មហាជន​ជា​ច្រើន ធ្វើ​ការ​រិះគន់​ទៅ​លើ​ពិធីករ ពិធី​ការ​នី កម្មវិធី​ចម្រុះ ABC 3 Spring ដែល​បាន​ប្រព្រឹត្ត​នូវ​អំពើ​ពុំ​គួរ​គប្បី​ ដោយ​សម្តែង​កាយ​វិការ​មិន​សមរម្យ ការ​ប្រើ​ពាក្យ​សម្តី​ខ្វះ​សីលធម៌​ វិជ្ជាជីវៈ ជា​អ្នក​សារព័ត៌មាន និង​បាន​ប្រមាថ​មើល​ងាយ​អ្នក​ស្តាប់ ក៏​ដូច​ជា​ទូរ​ទស្សនិកជន​ ក្នុង​ពេល​កំពុង​បំពេញ​ភារកិច្ច​របស់ខ្លួន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ពិធី​ករ​ ពិធីការ​នី​ផ្សេង​ទៀត។

ឯកឧត្តម រដ្ឋមន្ត្រី បញ្ជាក់​ថា ដើម្បី​បញ្ឈប់​នូវ​ប្រតិកម្ម​ពី​សំណាក់​មហាជន និង​ភាព​អសកម្ម​ទាំង ឡាយ​ដែល​កើត​មាន​ឡើង​ជា​បន្តបន្ទាប់​មក​នេះ ក្រសួងព័ត៌មាន​តម្រូវ​ឲ្យ​លោក ខាំពូន កែវមុណី បញ្ឈប់​កិច្ច​សហការ​ផលិតកម្ម​វិធី​រវាង​ស្ថានីយវិទ្យុ-ទូរទស្សន៍​ប៉ុស្តិ៍​៣ រាជធានី​ភ្នំពេញ ​ជាមួយ​ស្ថានីយ​វិទ្យុ​ABCកម្ពុជា​ FM107.50 MHz ជា​បន្ទាន់​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​តទៅ​៕ ដកស្រង់​៖​ វិទ្យុជាតិ​កម្ពុជា

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor