
ក្រោយការបាញ់សាកល្បងមីស៊ីលពីសំណាក់កូរ៉េខាងជើង នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានចេញមុខថ្កោលទោសយ៉ាងខ្លាំង ដែលមានការគាំទ្រពីក្រោយយ៉ាងពេញទំហឹង ១០០ភាគរយពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងពីរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ដោយនាយករដ្ឋមន្ត្រីជប៉ុននិយាយដោយផ្ទាល់ថា លោកនឹងមិនអត់ឱនឡើយ ចំពោះការបាញ់សាកល្បងមីស៊ីលនេះ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Express នៅថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៧។
ភ្លាមៗបន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលមួយគ្រាប់ផ្ទុះយ៉ាងកក្រើកចេញពីតំបន់ Panghyon ឆ្ពោះទៅកាន់សមុទ្រជប៉ុនខាងកើត កាលពីព្រឹកមិញនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងពីសំណាក់បណ្ដាប្រទេសលោកខាងលិច ដែលធ្វើឲ្យអាមេរិក និងជប៉ុនពួតដៃគ្នាថ្កោលទោសយ៉ាងខ្លាំង ដោយនិយាយថា កូរ៉េខាងជើងនឹងមិនត្រូវអត់ឱនទោសឡើយ ចំពោះសកម្មភាពដ៏ទំនើងនេះ ហើយប្រទេសដែលដឹកនាំផ្ដាច់ការមួយនេះ នឹងត្រូវកោះហៅឲ្យជួបពិភាក្សាជាមួយ UN នៅពេលឆាប់ៗទៀតផង។
គួរបញ្ជាក់ថា នេះគឺជាការសាកល្បងនុយក្លេអ៊ែរលើកទី៣ហើយ តាំងពីឆ្នាំ២០១៣មក ប៉ុន្តែគ្រាប់មីស៊ីលដែលបានបាញ់នៅព្រឹកមិញនេះ ពុំទាន់កំណត់ច្បាស់ថា ជាមីស៊ីលប្រភេទអ្វីឱ្យប្រាកដនៅឡើយទេ គ្រាន់តែដឹងថាវាបានហោះលើអាកាសក្នុងចម្ងាយប្រមាណជា ៥០០គីឡូម៉ែត្រពីតំបន់ Panghyon ខាងជើងខេត្ត Pyongan៕

ផ្តល់សិទ្ធិដោយ៖KQUBE