
រដ្ឋាភិបាលយោធារបស់ប្រទេស ថៃ បានជំរុញដល់ប្រទេស ឡាវ ឲ្យបញ្ជូនពលរដ្ឋ ថៃ ជាង ១០ នាក់ ដែលជាប់ចោទពីបទប្រមាថរាជវង្ស ហើយភៀសខ្លួនទៅកាន់ប្រទេស ឡាវ ដើម្បីគេចពីការចាប់ខ្លួន ដែលជាទោសអាចជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ ។
ឧត្ដមសេនីយ៍យោធា ថៃ លោក Thawip Netniyom និងជាប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ បញ្ជាក់ថា អ្នកទាំងនោះ ត្រូវបានគេរកឃើញថា ប្រើប្រាស់បណ្ដាញសង្គមប្រមាថទៅលើរាជវង្ស ចំណែកក្រសួងការពារជាតិ ថៃ នឹងរៀបចំជំនួបជាមួយមន្ត្រី ឡាវ ដើម្បីធ្វើការពាក់ព័ន្ធនឹង ការបញ្ជូនជនសង្ស័យទៅប្រទេស ថៃ វិញ ។
ពលរដ្ឋដែលអាជ្ញាធរ ថៃ តាមចាប់ខ្លួន មានទំនាក់ទំនងនឹងចលនាអាវក្រហម មានសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលយោធា ដែលធ្វើរដ្ឋប្រហារក្នុងឆ្នាំ ២០១៤ ហើយមនុស្សល្បីៗក្នុងក្រុមអាវក្រហមដឹងជាមុនថានឹងមានការបង្ក្រាប ទើបភៀសខ្លួនចេញពីប្រទេស ក្រោយរដ្ឋប្រហារភ្លាមៗ ។ ចំណែកយោធា ថៃ បានការពាររដ្ឋប្រហារក្នុងឆ្នាំ ២០១៤ ដោយអះអាងថា កិច្ចការការពាររាជវង្សគឺជាគោលដៅសំខាន់នៃការធ្វើរដ្ឋប្រហារ ក្រៅពីនេះត្រូវបង្ក្រាបក្រុមផ្សព្វផ្សាយតាមអ៊ីនធឺណិតដែលប្រមាថរាជវង្ស និងដាក់បណ្ដឹងទៅតុលាការ ។
ចំណែកអ្នករិះគន់ជឿថា ច្បាប់ ត្រូវបានគេប្រើប្រាស់ដើម្បីធ្វើទុក្ខបុកម្នេញ និងចាប់ខ្លួនអ្នកនយោបាយប្រឆាំង ។ ទោះយ៉ាងណា ប្រទេស ថៃ និង ឡាវ នៅមិនទាន់មានច្បាប់ធ្វើបត្យាប័នពលរដ្ឋនៅឡើយ ប៉ុន្តែឧត្ដមសេនីយ៍របស់ប្រទេស ថៃ អះអាងថា ប្រទេសទាំងពីអាចធ្វើកិច្ចការនោះ ផ្អែកលើសហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមក ។
ផ្តល់សិទ្ធិដោយ៖KQUBE