
ខេត្តព្រៃវែង ៖ ស្ដ្រីម្នាក់បានស្លាប់ ខណះពេលបញ្ជូនទៅមន្ទីរពេទ្យ ក្រោយជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្តហាយឡែនឌ័រ ពន្លះជាមួយ ម៉ូតូស្មាស់ ក្នុងទិសដៅបញ្ច្រាស់គ្នា កាលពីវេលាម៉ោង ៤និង២៥នាទីរសៀល ថ្ងៃទី៣១ មករា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ១១ស្ថិតនៅភូមិស្តៅ ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។
ជនរងគ្រោះឈ្មោះ អ៊ំ សារ៉ា ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅ ភូមិពន់ចាន ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលបើកបរម៉ូតូ ម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AL5346 ក្នុងទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែត្រូវ រថយន្តម៉ាកហាយឡែនឌ័រពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 1AJ1518 បើកវ៉ាជែងជាមួយ រថយន្តផ្សេង ហើយក៏ជ្រុលមកបុក ម៉ូតូរងគ្រោះខាងលើ យ៉ាងពេញទំហឹងតែម្ដង បណ្ដាលឲ្យផ្លោងម៉ូតូជាច្រើនម៉ែត្រ និងរថយន្តធ្លាក់ពីលើផ្លូវផងដែរ ឯស្ដ្រីរងគ្រោះបានរងរបួសធ្ងន់។
លោក សេង ពន្លក អធិការស្រុកពាមរក៍ បានប្រាប់ថា នៅក្រោយពេលកើតហេតុអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ដោយទុករថយន្តចោល ដោយលោកឃើញពីស្ថានភាពស្ដ្រីរងគ្រោះរបួសធ្ងន់និងថ្ងូរថាចុកៗ លោកក៏បានយករថយន្តផ្ទាល់ខ្លួនរបស់លោក ដឹកស្ដ្រីរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ដើម្បីជួយសង្គ្រោះឲ្យទាន់ពេលវេលា តែជាអកុសលដោយសារបួសធ្ងន់ពេក ស្ដ្រីរងគ្រោះបានស្លាប់បាត់បង់ជីវិតក្នុងមន្ទីរពេទ្យនៅម៉ោង៨យប់ នាថ្ងៃដ៏ដែល។
ដោយឡែកវត្ថុតាងទាំងរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋានស្រុកពាមរក៍រង់ចាំដោះស្រាយតាមនិតិវិធីច្បាប់៕ ដោយសហការី



ផ្តល់សិទ្ធិដោយ៖VD7News.com