Sponsor

​សិល្បៈ ៖ ​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ​ដ្បិតតែ​ សុខ សោម៉ាវត្តី​ បង្ហាញ​វត្តមាន​សម្ដែង​ខ្សែ​ភាពយន្ត​ភាគ​ និង​ដុំ​ បាន​ច្រើន​រឿង​ ប៉ុន្តែ​នាង​មិន​ទាន់​ជួប​ដៃគូ​ជា​ក្មេង​ស្ទាវ​ទេ​។ ទើបតែ​ពេល​នេះ​អ្នក​មេម៉ាយ​រូប​ស្រស់​បាន​ជួប​ប្រុស​ក្មេង​ Mr​ K​ ក្នុង​រឿង​ "ក្រមុំ​ចាស់​ប៉ះ​ក្មេង​ស្ទាវ​" ដែល​ជា​ខ្សែភាពយន្ត​ខ្នាត​ធំ​ថ្មី​របស់​ផលិតកម្ម​ មហាហង្ស ​ ដោយ​តួឯក​ប្រុស​វ័យ​ក្មេង​រូប​នេះ​បាន​បោះ​ពាក្យ​សម្ដី​ថា​ រូបគេ​ពេញចិត្ត​អ្នក​មេម៉ាយ​រូប​ស្រស់​ច្រើន​ឆ្នាំ​មក​ហើយ។

បញ្ជាក់​ប្រាប់ ​Kqube.net ​ក្នុង​ពិធី​ក្រុង​ពាលី​រឿង​ "ក្រមុំ​ចាស់​ប៉ះ​ក្មេង​ស្ទាវ​"​ របស់​ផលិតកម្ម ​មហាហង្ស នៅ​ព្រឹក​នេះ ​តួឯក​ប្រុស​ Mr K​បាន​ប្រាប់​ថា​ ​វត្តមាន​សម្ដែង​ខ្សែ​ភាពយន្ត​ខាង​លើ​នេះ គឺ​ជា​រឿង​ទី​ពីរ​សម្រាប់​អាជីព​សម្ដែង​របស់​លោក​ បន្ទាប់​ពី​រឿង​ "កំណត់​ហេតុ​នាង​នាថ​" ដែល​លោក​សម្ដែង​ជា​តួរង​ និង​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​។ លោក​បន្ត​ថា​ សម្រាប់​រឿង​ថ្មី​"ក្រមុំ​ចាស់​ប៉ះ​ក្មេង​ស្ទាវ​" លោក​ទទួល​បាន​តំណែង​ជា​តួឯក​ ដែល​ត្រូវ​ប៉ះ​ជា​មួយ​តារា​សម្ដែង​ល្បី​ឈ្មោះ​អ្នក​នាង​ សុខ សោម៉ាវត្តី ជា​តួ​ក្រមុំ​ចាស់ ។

លោក K ​បន្ត​ថា ​រវាង​រូប​លោក​ និង​អ្នក​នាង​ សុខ ​សោម៉ាវត្តី​  ​មិន​ដែល​បាន​សម្ដែង​រួម​គ្នា​ទេ ហើយ​​លោក​ក៏​មាន​បំណង​ចង់​ប៉ះ​ជា​មួយ​គាត់​យូរ​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​មិន​ដែល​មាន​ផលិតកម្ម​ណា​ផ្គូផ្គង​ និង​មាន​រឿង​ដែល​ត្រូវ​ចាប់​ដៃ​គ្នា​ ព្រោះ​លោក​ និង​គាត់​មាន​វ័យ​ខុស​គ្នា​ ។

ទើប​តែ​ពេល​នេះ​ផលិតកម្ម​ មហាហង្ស​ បាន​ជ្រើស​យក​លោក​ឲ្យ​សម្ដែង​ជា​តួឯក​រួម​គ្នា​ជា​មួយ​គាត់​ក្នុង​រឿង ​"ក្រមុំ​ចាស់​ប៉ះ​ក្មេង​ស្ទាវ​" ដូច្នេះ​ហើយ​បំណង​ដែល​លោក​ប៉ង​ជា​ច្រើន​ឆ្នាំ​សម្ដែង​រួមគ្នា​ គឺ​បាន​សម្រេច​ហើយ​។ ​តារា​ចម្រៀង ​និង​សម្ដែង​វ័យ​ក្មេង​រូប​នេះ​បន្ត​ថា​  លោក​មាន​ជំនឿ​ចិត្ត​ថា ​ពេល​សម្ដែង​រួម​គ្នា​ជា​មួយ​អ្នក​នាង​ សុខ សោម៉ាវត្តី​ នឹង​ជួយ​លើក​កេរ្តិ៍ឈ្មោះ​លោក​កាន់​តែ​ល្បី​ ព្រោះ​គាត់​មាន​ទេពកោសល្យ​កំប្លុកកំប្លែង​ច្រើន​  ដោយ​ឡែក​រូប​លោក​ដ្បិតតែ​ជា​តារា​ថ្មី​ តែ​លោក​ក៏​មិន​ភិតភ័យ​ពេល​ជួប​គាត់​ឡើយ​ ពោល​គឺ​លោក​នឹង​សម្ដែង​ឲ្យ​អស់​ពី​សមត្ថភាព ​ដើម្បី​ខ្សែភាពយន្ត​មួយ​នេះ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ ។

​គួរ​បញ្ជាក់​ដែរ​ថា​ ​ខ្សែ​ភាពយន្ត​រឿង ​"ក្រមុំ​ចាស់​ប៉ះ​ក្មេង​ស្ទាវ​" នឹង​ចេញ​ថត​នៅ​ក្នុង​ខែ​កុម្ភៈ​នេះ ​ហើយ​រឿង​នេះ​ត្រៀម​​ចំណាយ​ទុន​ ជាង​ពីរ​ម៉ឺន​ដុល្លារ​ និង​គ្រោង​ចាក់​បញ្ចាំង​នៅ​មុន​ពេល​ចូល​ឆ្នាំ​ខ្មែរ​៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor