ខេត្តត្បូងឃ្មុំ៖ ស្របពេលដែលតម្លៃដំឡូងមីបានធ្លាក់ថ្លៃរហូតដល់មួយគីឡូស្រស់បានត្រឹមជាង១០០រៀល និងស្ងួតបានត្រឹមជាង៤០០រៀលនោះ ប្រជាកសិករខេត្តត្បូងមួយចំនួនត្រូវតែបង្ខំចិត្តដកប្រមូលផលយកទៅលក់ឲ្យប្រទេសវៀតណាម ដើម្បីអាចទទួលបានថ្លៃដើមសោះ និងអាចយកដីដាំជាថ្មី។
យោងតាមហ្វេសប៊ុកមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំបានឲ្យដឹងថា តម្លៃដំឡូងថោកបែបនេះ ប្រៀបបាននឹងដាំឲ្យឈ្មួញវៀតណាមទទេៗ ព្រោះទូទាត់ទៅមិនបានទាំងរួចដើមផងកុំថា ឡើយដល់ចំណេញ។ បើតាមកសិករម្នាក់រស់នៅភូមិ ពើក ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ បានរៀបរាប់ឲ្យដឹងថា ឆ្នាំនេះម្នាក់ៗស្ទើរតែចងកហើយដោយសារដំឡូងមិនមានទីផ្សារ ហើយបានធ្លាក់ថ្លៃយ៉ាងខ្លាំង ដោយមួយគីឡូដឹកទៅដល់ប្រទេសវៀតណាមបានតែ ១៨០ រៀលទៅ ២២០រៀលប៉ុណ្ណោះ។
ជាមួយតម្លៃទាបបែបនេះថ្លៃកម្មករដកក៏ថ្លៃ ចំណែកសេវាបង់តាមផ្លូវក៏ថ្លៃដោយក្នុងមួយរថយន្តទំរាំដល់វៀតណាមបង់មិនក្រោម ៣០ម៉ឺនរៀលនោះទេ ក្នុងនោះច្រកព្រំដែនត្រូវបង់ពី ៩ម៉ឺនទៅ ១២ម៉ឺនរៀល ទើបគេឲ្យចូល នេះមិនទាន់គិតឈ្មួញវៀតណាមកៀបគ្រប់កន្លែងផង។
ប្រភពមន្ទីរព័ត៌មានដដែលឲ្យដឹងទៀតថា ប្រជាកសិករដែលមិនដកទៅលក់នៅវៀតណាមបានរៀបរាប់ថា មូលហេតុដែលពួកគាត់មិនយកទៅលក់នៅវៀតណាម ដោយសារថ្លៃទាបពេក ដូច្នេះមានតែដកកាប់ហាលក្រែងមានហាងឆេងល្អជាងនេះ និងអាចលក់បានលុយដោះបំណុលខ្លះ ព្រោះបើស្ងួតអាចទុកបានយូរ។ ប៉ុន្តែបើនៅតែបែបនេះមានតែទុកដីទំនេរចោលចេញរកការងារនៅថៃ ឬម៉ាឡេស៊ី ដើម្បីដោះស្រាយជីវភាព និងសងបំណុលធនាគារ បើមិនដូច្នេះប្រាកដជាត្រូវអស់ដី អស់ផ្ទះមិនខានឡើយ ព្រោះខាតស្ទើរតែរាល់ឆ្នាំយ៉ាងនេះ៕
ផ្តល់សិទ្ធិដោយ៖KQUBE