រាជធានីភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែនបានចេញសាររំលែកមរណទុក្ខផ្ញើជូន ភរិយា លោក ម៉ា សេរី ប្រធានផ្នែកកម្មវិធីកីឡា របស់ស្ថានីយ៍ទូរទស្សន៍ CTN CNC MYTV ដែលលោកបានទទួលមរណភាព នាវេលាម៉ោង ៥:៥៤ នាទីព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះដោយរោគាពាធ។
ក្នុងសារដដែលនោះ សម្ដេចនិងភរិយា សូមចូលរួមរំលែកនូវសមានទុក្ខក្ដុកក្ដួលនិងសោកស្ដាយ ស្រណោះ ព្រោះថា ការបាត់បង់បង់លោក ម៉ា សេរី គឺជាការបាត់បង់ធនធានមនុស្សដែលមានវិជ្ជាជីវៈត្រឹមត្រូវ មានក្រមសីលធម៌ និងវោហារសាស្ត្រមិនចេះរឹងស្ងួតក្នុងការទាក់ទាញប្រជាប្រិយភាពសម្រាប់កម្មវិធីកីឡាដែលមានលោកជាប្រធានផ្នែកដ៏ឆ្នើមនិងឈ្លាសវៃ។
បន្ថែមពីនេះក្នុងហ្វេសប៊ុកផ្លូវរបស់សម្តេចក៏បានបញ្ចេញសារបញ្ជាក់ពីអារម្មណ៍កើតទុក្ខរបស់សម្តេចតេជោមួយទៀតផងដែរ បន្ទាប់បានត្រឡប់មកពីពិធីបញ្ចុះខណ្ឌសីមានៅវត្តព្រែកប្រានៅព្រឹកនេះ។ សម្តេចបានសរសេរយ៉ាងដូច្នេះថា៖
"ថ្ងៃនេះទោះបីខ្ញុំរីករាយជាមួយបុណ្យបញ្ចុះខណ្ឌសីមានៅវត្តព្រែកប្រាក៏ដោយ តែខ្ញុំនៅមានទុក្ខជាមួយការបាត់បង់មិត្តភ័ក្ដិគឺលោកម៉ា សេរី ដែលបានលាចាកលោកនេះនាព្រឹកមិញនេះ។ ខ្ញុំបានជួបលោក ម៉ា សេរី តាមទូរស័ព្ទ បន្ទាប់មកបន្តឆ្លងឆ្លើយគ្នាតាមline ដែលខ្ញុំបង្ហាញជូននេះ។
តាមគម្រោងព្រឹកនេះខ្ញុំនឹង ផ្ញើសារសួរសុខទុក្ខគាត់ទៀត តែមិននឹកស្មានថាខ្ញុំទទួលសារពីលោក ហ៊ុយ វណ្ណៈ ថាលោក ម៉ា សេរី ទទួលមរណភាពទៅហើយ។ ខ្ញុំបាត់ដៃគូរដែលតែងហៅរកសួរនាំពីបញ្ហាកីឡា។ក្រៅពីសាររំលែកទុក្ខខ្ញុំគ្មានពាក្យអ្វីក្រៅពីពាក្យថាលាហើយជាមួយទឹកភ្នែកដើម្បីជូនដំណើរនោះឡើយ"៕

ផ្តល់សិទ្ធិដោយ៖KQUBE